(កំពង់ចាម)៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារ អិល ប៊ី អិន អេស៊ាន ខេត្តកំពង់ចាម, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបន្តបើកវគ្គបណ្ដុះបណ្ដាលស្តីពី «ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅរដ្ឋបាលឃុំសង្កាត់» ជូនជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ នៃខេត្តកំពង់ចាម ចំនួន ១០៩ នាក់ ដើម្បីពង្រឹងពង្រីកសមត្ថភាព និងលើកកម្ពស់ចំណេះដឹងពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការតំណាង លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ កសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មានការចូលរួមពីឯកឧត្តម លី សារ៉ារិទ្ទ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម, ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ចាម និង ថ្នាក់ដឹកនាំ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងគ្រូបង្គោល និង សិក្ខាកាមគោលដៅ។

លោកអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែងបានយកចិត្តទុកដាក់ ខ្ពស់ លើការកសាង និង ការអភិវឌ្ឍសមត្ថភាព សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានវិទ្យាស្ថាន សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាសេនាធិការលើមុខងារបណ្តុះបណ្ដាលនិងវិក្រឹតការ។

លើសពីនេះ, ច្បាប់ស្ដី ពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី ត្រង់មាត្រា ១៤ បានកំណត់ថា មន្ត្រីរាជការជំនាញហិរញ្ញវត្ថុសាធារណៈ នៃក្រសួងស្ថាប័ន អង្គភាពសាធារណៈ ប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ និង គ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានភារកិច្ចអនុវត្តការងារហិរញ្ញវត្ថុ សាធារណៈ ត្រូវមានគុណវុឌ្ឍិវិជ្ជាជីវៈតាមប្រភេទមុខតំណែងការងារនីមួយៗ។ ក្នុងន័យនេះ, ការបណ្ដុះបណ្ដាល និងវិក្រឹតការសមត្ថភាពជំនាញ ពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានក្លាយជាកាតព្វកិច្ចចំពោះមន្ត្រី អនុវត្តការងារហិរញ្ញវត្ថុសាធារណៈ ទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ។

លោកអនុរដ្ឋលេខាធិការ បានបន្ថែមថា ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ ជាតួអង្គដ៏សំខាន់នៅរដ្ឋបាលឃុំសង្កាត់ ដោយហេតុថា ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ ត្រូវបានបំពាក់ តួនាទី និង ភារកិច្ចស្នូលជាច្រើន ដូចជា រជ្ជទេយ្យករបុរេប្រទាន, រជ្ជទេយ្យករចំណូល, ភ្នាក់ងារបើកផ្ដល់, ជំនួយការមេឃុំចៅសង្កាត់ក្នុងការរៀបចំផែនការ និង គម្រោងថវិកាប្រចាំឆ្នាំ ព្រមទាំងពិនិត្យ គ្រប់គ្រង និង តាមដានការអនុវត្តថវិកា ជាដើម ដែលតួនាទី និង ភារកិច្ច ទាំងនេះ ចាំបាច់ត្រូវទទួលបានការបណ្ដុះបណ្ដាល និង វិក្រឹតការ ដើម្បីពង្រឹងពង្រីកសមត្ថភាព ចំណេះដឹង និង ជំនាញវិជ្ជាជីវៈ។

លោកអនុរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា វគ្គបណ្ដុះបណ្ដាលនាពេលនេះ មិនត្រឹមតែរួមចំណែកដល់ការគាំទ្រ និង ការអនុវត្ត ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យសម្រេចគោលដៅដែលបានកំណត់ប៉ុណ្ណោះ ទេ ប៉ុន្តែថែមទាំង រួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្ស ដែលរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកជាអាទិភាពខ្ពស់បំផុតនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានប្រកាសដាក់ឱ្យអនុវត្ត កាលពីថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២៣ កន្លងទៅនេះ៕