(សៀមរាប)៖ អាជ្ញាធរជាតិអប្សរាបានបង្កើនការយកចិត្តទុកដាក់ក្នុងការងារអភិរក្ស និងការអភិវឌ្ឍសហគមន៍នានាក្នុងតំបន់រមណីយដ្ឋានអង្គរ។ ការងារអភិរក្សប្រាង្គ ប្រាសាទជារឿងសំខាន់ដែលមិនអាចខ្វះ ប៉ុន្តែការងារអភិវឌ្ឍសហគមន៍ ក៏មានសារៈសំខាន់ណាស់ផងដែរ ព្រោះអ្នកស្រុកអង្គរជាបេតិកភណ្ឌរស់ ដែលបានចូលរួមថែរក្សាបា្រង្គប្រាសាទ ដែលជាមរតករូបី និងរក្សាវប្បធម៌ទំនៀមទម្លាប់ប្រពៃណីសាសនា ដែលជាមរតកអរូបី បន្តមកដល់កូនខ្មែរជំនាន់ក្រោយៗ ឱ្យបានឃើញ និងបានយល់អំពីតម្លៃនៃបេតិកភណ្ឌទាំងពីរនោះ។
អាជ្ញាធរជាតិអប្សរា បានបង្កើតក្រុមការងារសហគមន៍ចំនួន ៥ ដើម្បីជួយសម្រួលដល់តម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ ដូចជាព្រឹកថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០១៦ នេះ ក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាចំនួន ៣ ក្រុម គឺក្រុមទី១ ស្រុកប្រាសាទបាគង ដឹកនាំដោយលោក សុខ លក្ខិណា ក្រុមទី៤ ក្រុងសៀមរាប ដឹកនាំដោយលោក ព្រឹម វីរៈ តំណាងឱ្យលោក ខួយ គឹមទួ ក្រុមទី៥ ស្រុកបន្ទាយស្រី ដឹកនាំដោយ ម៉ី ម៉ារ៉ាឌី បានបញ្ជ្រាបចំណេះដឹង ផ្នែកបេតិកភណ្ឌ និងនាំយកកញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយ និងទារកចំនួន ១២កញ្ចប់ ដល់ស្ត្រីដែលទើបតែឆ្លងទន្លេថ្មីៗ ព្រមទាំងបានពិនិត្យ និងសម្រេចការស្នើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋសរុបចំនួន៨ករណី ដូចជា រុះរើដំបូលចាស់ ផ្លាស់ដំបូលថ្មី ការចាក់ដី ការដាក់របងលួស ធ្វើចង្ក្រានបាយ និងតសំយាបផ្ទះជាដើម។
ការងារអភិរក្សប្រាង្គប្រាសាទនានាក្នុងតំបន់រមណីយដ្ឋានអង្គរ គឺជាតួនាទី ភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា តែក្នុងនោះក៏ត្រូវតែមានការចូលរួមផងដែរ ពីបងប្អូនប្រជាពលរដ្ឋអ្នកស្រុកអង្គរ ក្នុងការថែរក្សាសម្បត្តិបេតិកភណ្ឌ ដែលជាដួងព្រលឹងរបស់ជាតិ។ ហេតុដូច្នេះហើយ ទើបអាជ្ញាធរជាតិអប្សរាបានបញ្ជូន ក្រុមការងាររបស់ខ្លួន ដើម្បីធ្វើការអប់រំអំពីតម្លៃនៃបេតិកភណ្ឌដល់អ្នកស្រុកអង្គរ។ ការអប់រំនេះគឺធ្វើយ៉ាងណាដើម្បីឱ្យប្រជាពលរដ្ឋអ្នកស្រុកអង្គរទាំងនោះ បានយល់ដឹងអំពីតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងការចូលរួមចំណែកអភិរក្សប្រាង្គប្រាសាទនានា ក្នុងតំបន់រមណីយដ្ឋានអង្គរ។
ជាពិសេសក្រុមការងារសហគមន៍បានលើកឡើង អំពីខ្លឹមសារនៃសេចក្តីសម្រេចលេខ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ ដែលបានចែងត្រង់ប្រការ២ ត្រូវបានកំណត់អំពីការប្រើប្រាស់ដីធ្លីនៅក្នុងតំបន់១ និងតំបន់២ ក្នុងតំបន់រមណីយដ្ឋានសៀមរាប-អង្គរដូចតទៅ៖
* ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន និងរស់នៅយូរលង់មកហើយ អាចបន្តរស់នៅតទៅទៀតបាន ដោយមិនមានការដេញឱ្យចាកចេញពីភូមិដ្ឋានឡើយ
* ប្រជាពលរដ្ឋអាចរុះរើជួសជុលផ្ទះចាស់ទ្រុឌទ្រោម ឬសាងសង់ថ្មី ជំនួសផ្ទះចាស់បាន ដោយមានការសុំអនុញ្ញាតពីសមត្ថកិច្ចនៃអាជ្ញាធរអប្សរា
* ប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រង និងចាត់ចែងដីធ្លីតាមរូបភាពដូចជា ផ្ទេរមរតកទៅឱ្យញាតិសន្តានពីឪពុកម្តាយទៅកូនក្មួយ ឬលក់ដូរឱ្យអ្នកភូមិផងជាមួយគ្នា ដើម្បីដោះស្រាយជីវភាព ប៉ុន្តែហាមលើសកម្មភាពទិញលក់ដីរបស់ឈ្មួញ ក្នុងគោលដៅ ធ្វើអាជីវកម្មយកចំណេញសម្រាប់ក្រុមហ៊ុន ឬបុគ្គល ឬការទិញ-លក់ដី សម្រាប់យកទៅសាងសង់សណ្ឋាគារ ភោជនីយដ្ឋាន ខារ៉ាអូខេជាដើម។ល។ ដល់អ្នកស្រុកអង្គរ៕