(ភ្នំពេញ)៖ រាជរដ្ឋាភិបាល បានប្រកាសដាក់ឲ្យដំណើរការមុខងារ ចុះបញ្ជីកែប្រែព័ត៌មានក្រុមហ៊ុន/សហគ្រាស ចំនួន៥ លើប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន (Single Portal) ដែលបានរៀបចំឡើងដោយ ក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិក សម្រាប់ធុរកិច្ចរបស់រាជរដ្ឋាភិបាល។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរួម។

សេចក្ដីប្រកាសព័ត៌មានរួម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា មុខងារទាំង៥នេះរួមមាន ៖ (១) កែប្រែព័ត៌មានលម្អិត អាសយដ្ឋានទីស្នាក់ការចុះបញ្ជី, (២) កែប្រែលក្ខន្តិកៈក្រុមហ៊ុន, (៣) កែប្រែសកម្មភាពអាជីវកម្ម, (៤) តម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ និង (៥) កែប្រែព័ត៌មានគណនីធនាគារ។

ដំណើរការនេះ នឹងត្រូវធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញទាំងស្រុង ដោយមិនតម្រូវឲ្យវត្តមានផ្ទាល់នៅទីកន្លែងទៀតទេ។ សមិទ្ធផលនេះ គឺជាការឆ្លើយតបយ៉ាងឆាប់រហ័ស ទៅនឹងសំណើរបស់វិស័យឯកជន ដែលរដ្ឋាភិបាល បានប្រកាសដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី ១៩ កាលពីថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ។

រាជរដ្ឋាភិបាល ក៏សូមលើកទឹកចិត្តឲ្យវិស័យឯកជនចូលរួមប្រើប្រាស់ ឲ្យបានពេញលេញនូវសេវានេះ និងផ្តល់នូវមតិ ព្រមទាំងធាតុចូលល្អៗ ដើម្បីឲ្យក្រុមការងារអន្តរក្រសួងរៀបចំ សេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច យកមកកែលម្អ សំដៅពង្រឹងឲ្យកាន់តែល្អប្រសើរឡើង ក្នុងការឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ជាក់ស្តែងរបស់ធុរជន។

សម្រាប់​ព័ត៌មាន​បន្ថែម ពាក់ព័ន្ធទៅនឹងមុខងារចុះបញ្ជីកែប្រែព័ត៌មានក្រុមហ៊ុន/សហគ្រាស និងប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន, សូមចូលទៅកាន់គេហទំព័រ www.registrationservices.gov.kh៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរួម ដែលមានខ្លឹមសារទាំងស្រុង៖