(ភ្នំពេញ)៖ ដើម្បីផ្តល់នូវសេវា មានគុណភាពល្អជូនប្រជាជនកម្ពុជា ក្រុមហ៊ុន SingMeng បានចុះហត្ថលេខាផ្តាច់មុខជាមួយ នឹងស្ថានីយ៍ទូរទស្សន៍CCTVប្រទេសចិន លើកិច្ចព្រមព្រៀងប៉ុស្តិ៍ទូរទស្សន៍ «Hi-Cambo!» ដែលប្រារព្ធធ្វើនៅថ្ងៃទី២៦ ខែសីហានេះ នៅទីក្រុងប៉េងកាំង ស្របពេលដែលប្រារព្ធ «ពិធីបង្កើតសហគមន៍ សហប្រតិបត្តិការអន្តរជាតិ ទូរទស្សន៍ផ្លូវសូត្រ និងកិច្ចប្រជុំកំពូល» នៅទីក្រុងប៉េកាំង ក្នុងការបន្តជំរុញគំនិតផ្តួចផ្តើម លើកិច្ចសហប្រតិបត្តិការ «ខ្សែក្រវាត់មួយ ផ្លូវមួយ» របស់ប្រទេសចិន ការផ្លាស់ប្តូរវប្បធម៌រវាង ប្រទេសកម្ពុជា និងចិនក៏បានបោះជំហានឆ្ពោះ ទៅកាន់ដំណាក់កាលថ្មី នៃការអភិវឌ្ឍដ៏ស៊ីជម្រៅ។
លោក TONG GANG អគ្គនាយករង នៃអគ្គនាយកដ្ឋានព័ត៌មាន បោះពុម្ពវិទ្យុ ភាពយន្ត និងសោតទស្សន៍នៃសាធារណរដ្ឋប្រជាមានិតចិន លោក WEI DICHUN អគ្គនាយករងទូរទស្សន៍CCTV លោកស្រី MA LI ប្រធាននាយកដ្ឋានសហប្រតិបត្តិការ នៃអគ្គនាយកដ្ឋានសោតទស្សន៍ នៃសាធារណៈរដ្ឋប្រជាមានិតចិន លោក XUE JIJUN ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុនមេទូរទស្សន៍ អន្តរជាតិប្រទេសចិន ព្រមទាំងលោក កឹម គុណវឌ្ឍន៍ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា (TVK) លោក ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍កម្ពុជា លោក HUANG SHUYING ប្រធានគណៈកម្មាធិការយុទ្ធសាស្ត្រ និងអភិវឌ្ឍន៍ លោក ZHAO CONG ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ស៊ីងម៉ឹង ធេលីមីឌា គ្រុប ខូ អិលធីឌី និងលោកស្រី NIU YUHONG នាយកប្រតិបត្តិក្រុមហ៊ុនគ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេមបូឌាន ស៊ីងម៉ឹង ធេលីមីឌា ខូ អិលធីឌី រួមទាំងតំណាងកម្ពុជា-ចិនជាច្រើនរូបទៀត បានអញ្ជើញចូលរួមក្នុងពិធីនេះ ព្រមទាំងធ្វើជាសក្ខីភាព នៃការបើកផ្សាយប៉ុស្តិ៍ «Hi-Cambo!»។
គំរូកិច្ចសហប្រតិបត្តិការវប្បធម៌កម្ពុជា-ចិន ការផ្លាស់ប្តូរវប្បធម៌ និងមនុស្សសាស្ត្រ គឺជាខ្លឹមសារដ៏សំខាន់មួយ នៃកិច្ចសហប្រតិបត្តិការ «ខ្សែក្រវាត់មួយ ផ្លូវមួយ» របស់ប្រទេសចិន ជាមួយនឹងបណ្តាប្រទេស នៅតាមបណ្តោយខ្សែក្រវាត់ផ្លូវ។ ចំពោះការបង្កើតសហគមន៍ សហប្រតិបត្តិការអន្តរជាតិទូរទស្សន៍ផ្លូវសូត្រ និងការបើកផ្សាយប៉ុស្តិ៍ “Hi- Cambo!” លើកនេះ តំណាងទ្វេភាគីកម្ពុជា-ចិន គឺសុទ្ធតែបានផ្តល់នូវការវាយតម្លៃយ៉ាងខ្ពស់។
លោក TONG GANG អគ្គនាយករង នៃអគ្គនាយកដ្ឋានព័ត៌មាន បោះពុម្ព វិទ្យុ ភាពយន្ត និងសោតទស្សន៍នៃសាធារណរដ្ឋប្រជាមានិតចិន បានគូសបញ្ជាក់ក្នុងកិច្ចសម្ភាសន៍ថា «ការបើកផ្សាយប៉ុស្តិ៍ «Hi-Cambo!» ជាសក្ខីភាពបញ្ជាក់នូវចំណងមិត្តភាព នៃភាពជាបងប្អូនល្អ ដៃគូល្អ និង មិត្តល្អរវាងកម្ពុជា-ចិន និងជាគំរូនៃកិច្ចសហប្រតិបត្តិការ វប្បធម៌កម្ពុជា-ចិន»។
លោក កឹម គុណវឌ្ឍន៍ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា (TVK) ក៏បានថ្លែងក្នុងពេលផ្តល់កិច្ចសម្ភាសន៍ ដល់អ្នកសារព័ត៌មានផងដែរថា «ការបង្កើតសហគមន៍សហប្រតិបត្តិការ អន្តរជាតិទូរទស្សន៍ផ្លូវសូត្រ និងការបើកផ្សាយប៉ុស្តិ៍ទូរទស្សន៍ «Hi-Cambo!» គឺជាការបង្កើតថ្មីមុនគេហើយ បើនិយាយចំពោះប្រជាជនកម្ពុជា ការដែលអាចទស្សនា បាននូវខ្លឹមសារកម្មវិធីដែលសម្បូណ៌បែប ល្អឥតខ្ចោះ និងថ្មីសន្លាងបែបនេះ ហើយថែមទាំងជាភាសាខ្មែរទៀតផងនោះនេះ គឺជាលើកដំបូងហើយនៅ ក្នុងប្រវត្តិសាស្ត្រទូរទស្សន៍កម្ពុជា។ មិនត្រឹមតែបង្ហាញឲ្យឃើញម្តងទៀត នូវទំនាក់ទំនងមិត្តភាពល្អរវាងប្រទេសទាំងពីរកម្ពុជា-ចិនប៉ុណ្ណោះទេ ហើយក៏ធ្វើឲ្យការយល់ដឹងពីគ្នាទៅវិញទៅមក លើវិស័យវប្បធម៌នៃប្រជាជនប្រទេសទាំងពីរ កាន់តែមានភាពស៊ីជម្រៅយ៉ាងពិតប្រាកដ។
តំបន់ភាវូបនីយកម្ម គឺជាលក្ខណៈពិសេសដ៏ធំបំផុត យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ប៉ុស្តិ៍ «Hi-Cambo!» គឺជាប៉ុស្តិ៍ដែលក្រុមហ៊ុនមេទូរទស្សន៍អន្តរជាតិប្រទេសចិន សហប្រតិបត្តិការប្រកបអាជីវកម្ម ជាមួយក្រុមហ៊ុន ខេមបូឌាន ស៊ីងម៉ឹង ធេលីមីឌា ខូ អិលធីឌី ក្នុងទិសដៅផ្តល់សេវាជូនគ្រួសារ ដែលនិយមការទស្សនាទូរទស្សន៍នៅកម្ពុជា។
បច្ចុប្បន្ន «Hi-Cambo!» មានពីរប៉ុស្តិ៍ រួមមាន ប៉ុស្តិ៍ពហុកម្សាន្ត និងប៉ុស្តិ៍ភាពយន្តឯកសារ សម្រាប់ការបើកផ្សាយនៅឆ្នាំទី១ ប៉ុស្តិ៍ពហុកម្សាន្ត នឹងចាក់ផ្សាយកម្មវិធីដែលមានមិនតិចជាង ១១០០ម៉ោងឡើយ ដោយរួមបញ្ចូល៖ រឿងភាគ សិល្បៈកម្សាន្ត ភាពយន្តឯកសារ គំនូរជីវចល និងព័ត៌មាន។ល។ បើតាមការព្យាករ ចំនួនអ្នកប្រើប្រាស់អាចនឹងកើនដល់ជាង៣ម៉ឺនគ្រួសារនៅចុងឆ្នាំ ហើយនៅពេលអនាគត មានសង្ឃឹមថានឹងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
លោក XUE JIJUN ប្រធានក្រុមប្រឹក្សាភិបាលនិងជានាយកប្រតិបត្តិក្រុមហ៊ុនមេទូរទស្សន៍អន្តរជាតិប្រទេសចិនបានមានថ្លែងក្នុងពេលផ្តល់កិច្ចសម្ភាសន៍ថា «នេះជាកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះម្តង» ហើយយើងខ្ញុំមានសមត្ថភាពយ៉ាងខ្លាំងក្លាក្នុងការផ្គត់ផ្គង់ធនធាន រីឯក្រុមហ៊ុនខេមបូឌាន ស៊ីងម៉ឹង មានវេទិកាចាក់ផ្សាយដែលមានស្ថិរភាព និងគួរឲ្យទុកចិត្តបាន។
លោក ZHAO CONG ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ស៊ីងម៉ឹង ធេលីមីឌា គ្រុប ខូ អិលធីឌី បានថ្លែងប្រាប់អ្នកសារព័ត៌មានថា តំបន់ភាវូបនីយកម្ម គឺជាលក្ខណៈពិសេសធំបំផុតនៃប៉ុស្តិ៍ «Hi-Cambo!» «យើងខ្ញុំសង្ឃឹមថា ប្រជាជនកម្ពុជាអាចរីករាយជាមួយ នឹងខ្លឹមសារកម្មវិធីដែលមានគុណភាពល្អកាន់តែច្រើន ថែមទៀតតាមរយៈវេទិការបស់យើងខ្ញុំ ពិសេសយកខ្លឹមសារទាំងអស់នៃប៉ុស្តិ៍ នេះ បកប្រែទៅជាភាសាខ្មែរ គឺជាការអនុវត្តដែលល្អប្រសើរមួយ»។
គួររម្លឹកថា ក្រុមហ៊ុន ខេមបូឌាន ស៊ីងម៉ឹង ធេលីមីឌា ខូ អិលធីឌី ធ្វើប្រតិបត្តិការអាជីវកម្មជាចម្បងទៅលើធុរកិច្ចអ៊ីនធើណិតកម្រិតបញ្ជូនទូលាយ(Broadband) ប្រព័ន្ធOTT(Over The Top) និងប្រព័ន្ធDTT(Digital Terrestrial Television ទូរទស្សន៍ឌីជីថលតាមរលកសញ្ញា) ផលិតផលរួមមាន៖«S Net», «S TV» កម្មវិធីទូរស័ព្ទដៃ «S Plus» និង«S Play»។
បច្ចុប្បន្ន បណ្តាញឆ្អឹងខ្នងរបស់ក្រុមហ៊ុនស៊ីងម៉ឹង សុទ្ធសឹងប្រើប្រាស់នូវបច្ចេកវិទ្យាខ្សែកាប្លិ៍អុបទិកដែលថ្មីបំផុត បានគ្របដណ្តប់លើតំបន់លើសពី៧០%នៃប្រទេសកម្ពុជា ថ្លៃសេវាអ៊ីនធើណិតកម្រិតបញ្ជូនទូលាយ ដែលមានល្បឿន៦Mb របស់ស៊ីងម៉ឹង គឺមានតម្លៃត្រឹមតែ១២.៩៩ដុល្លារអាម៉េរិក តែប៉ុណ្ណោះក្នុងមួយខែ។
រីឯសេវា DTT វិញ អ្នកប្រើប្រាស់គឺគ្រាន់តែចំណាយតែ២ដុល្លារ អាម៉េរិកប៉ុណ្ណោះក្នុងមួយខែ។ លើសពីនេះទៅទៀត ស៊ីងម៉ឹងនៅមានអាជ្ញាបណ្ណប្រតិបត្តិការអាជីវកម្មផ្តាច់មុខលើប្រព័ន្ធOTT ដែលមានតែមួយគត់នៅទូទាំងប្រទេសកម្ពុជា អ្នកប្រើប្រាស់អាចទស្សនាកម្មវីធីប៉ុស្តិ៍ទូរទស្សន៍ជាភាសាខ្មែរ ចិន និងអង់គ្លេសជាង១០០ប៉ុស្តិ៍នៅលើប្រព័ន្ធOTT៕