(ភ្នំពេញ)៖ មជ្ឈមណ្ឌលតំបន់អាស៊ីអាគ្នេយ៍សម្រាប់ការអភិវឌ្ឍអប់រំបច្ចេកទេស (SEAMEO TED) និងអង្គការ GO STUDY Global Education នាថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០២៤នេះ បានសហការរៀបចំសិក្ខាសាលាអន្តរជាតិស្តីពី ភាពជាដៃគូររវាងអាស៊ាន-ចិន (China-SEA Partnership Workshop) នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។

សិក្ខាសាលាអន្តរជាតិនេះបានធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងមានការអញ្ជើញចូលរួមដោយលោក លីវ យូយី (H.E Liu Youyi) អគ្គនាយកនៃនាយកដ្ឋានអប់រំតំបន់ស្វយ័តក្វាងស៊ីហ្សួង Guangxi Zhuang) នៃសាធារណៈរដ្ឋប្រជាមានិតចិន រួមទាំងមានការចូលរួមពីតំណាងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស វិទ្យាស្ថាន សាកលវិទ្យាល័យ ពីប្រទេសចិននិងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងអង្គភាពពាក់ព័ន្ធ សរុបប្រមាណជាង ១០០នាក់ ។

លោកបណ្ឌិត អៃ សុងហ៊ាង នាយកមជ្ឈមណ្ឌលតំបន់អាស៊ីអាគ្នេយ៍សម្រាប់ការអភិវឌ្ឍអប់រំបច្ចេកទេស បានថ្លែងស្វាគមន៍ និងបានលើកឡើងអំពីគោលបំណងសំខាន់នៃសិក្ខាសាលាអន្តរជាតិនេះ ដើម្បីកសាងទំនាក់ទំនង និងភាពជាដៃគូលើផ្នែកអប់រំបច្ចេកទេស និងដើម្បីផ្សារភ្ជាប់សាលាអប់រំបច្ចេកទេសតាមរយៈការចែករំលែកបទពិសោធន៍ លើជំនាញបច្ចេកទេសពីអ្នកឯកទេសដែលមកពីប្រទេសចិន និងប្រទេសមកពីតំបន់អាស៊ីអាគ្នេយ៍រួមមានប្រ៊ុយណេដារូសាឡឹម កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ថៃ និងវៀតណាម សរុបចំនួន៤២សាលា និងអង្គភាពពាក់ព័ន្ធចំនួន ៨ផ្សេងទៀត។

លោក លីវ យូយី បានលើកឡើងថា សិក្ខសាលានេះជាឱកាសក្នុងការជួបប្រជុំគ្នា និងពង្រឹងកិច្ចសហប្រតិបត្តិការវាងអាស៊ាន និងចិន លើការអប់រំបច្ចេកទេស។ ប្រទេសចិនចាត់ទុកតំបន់ស្វយ័តក្វាងស៊ីហ្សួង ជាច្រកសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូចំំពោះបណ្តាប្រទេសអាស៊ាន។ យើងបានសម្របសម្រួលឱ្យសាលានៅតំបន់ស្វយ័តក្វាងស៊ីបង្កើតកម្មវិធីផ្តាស់ប្តូរ និងសហប្រតិបត្តិការអប់រំមួយចំនួនដូចជា បណ្តាញធនាគារខួរក្បាលសាកលវិទ្យាល័យរវាងអាស៊ាន និងចិន និងផ្តល់អាហារូករណ៍ជូនសិស្សមកពីតំបន់អាស៊ានផងដែរ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះដែរលោកបណ្ឌិត អ៊ុម រម្យណី បានគូសបញ្ជាក់ថា សិក្ខាសាលាអន្តរជាតិនេះពិតជាមានសារៈសំខាន់ដែលវាជាឱកាសដ៏ល្អសម្រាប់ស្វែងយល់ពីការអនុវត្តល្អបំផុតស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការក្នុងចំណោមតំណាងសាលាអប់រំបច្ចេកទេសពីប្រទេសចិន និងពីប្រទេសសមាជិកអាស៊ាន ដើម្បីឆ្លុះបញ្ចាំងពីអ្វីដែលយើងបានធ្វើកាលពីអតីតកាល និងផែនការសម្រាប់សកម្មភាពនាពេលអនាគត។

លើសពីនេះ គម្រោងនិងសំណើសហប្រតិបត្តិការនាពេលអនាគត ក៏ត្រូវបានលើកឡើងសម្រាប់ការពិចារណាដើម្បីបង្កើនភាពជាដៃគូជិតស្និទ្ធ។ ការភ្ជាប់ទំនាក់ទំនងគ្នាគឺជាគន្លឹះ និងកម្លាំង ដែលជាមូលដ្ឋាននៃការធ្វើការរួមគ្នាដើម្បីដោះស្រាយដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព (SDGs)។

លោកបណ្ឌិត អ៊ុម រម្យណី ក៏បានលើកឡើងអំពីគោលដៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧ ដែលផ្តោតលើមនុស្ស ទឹក ភ្លើង និងបច្ចេកវិទ្យា។ ដើម្បីសម្រេចបាននូវចំណុចនេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់នូវអាទិភាពចំនួនប្រាំមួយ ដែលត្រូវបានអនុវត្តចាប់ពីឆ្នាំ២០២៣ រួមមានការពង្រីក (1) សេវាថែទាំសុខភាពឆ្ពោះទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល (2) ការផ្តល់ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស (TVET) សម្រាប់យុវជនមកពីគ្រួសារងាយរងគ្រោះ (៣) ការរៀបចំកម្មវិធីគាំពារសង្គមសម្រាប់គ្រួសារក្រីក្រ (4) ការរៀបយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន និង (៥) ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ។

ផ្សារភ្ជាប់នឹងប្រធានបទសិក្ខាសាលាស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការនេះ លោកលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មានកំណែទម្រង់ដ៏ធំមួយលើវិស័យអប់រំជាបន្តបន្ទាប់។ ក្នុងនោះក្រសួងអប់រំ យុវជន និងកីឡា បានអនុវត្តវិធានការសំខាន់ៗចំនួន៤ ដែលកំណត់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមមាន ១) ការពង្រឹងអភិបាលកិច្ចសាលា; ២) ពិនិត្យ និងបង្កើតកម្មវិធីសិក្សា និងសកម្មភាពក្រៅកម្មវិធីសិក្សា; ៣) ការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព និងអនាម័យរបស់សិស្ស; និង ៤) ភាពជាដៃគូរវាងរដ្ឋ និងសហគមន៍សម្រាប់ការលើកកម្ពស់ការអប់រំ៕