(ភ្នំពេញ)៖ លោក ហ្សាក់ បឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានថ្លែងថា រដ្ឋាភិបាលបារាំង នឹងថែរក្សាសន្តិសុខសម្រាប់ភ្ញៀវ ដែលធ្វើទស្សនកិច្ចក្នុងប្រទេសខ្លួន ដោយមិនឲ្យមានបញ្ហាអ្វីឡើយ។

លោកប្រកាសធានាបែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ នៅស្ថានទូតបារាំង ស្តីពីដំណើរទស្សនកិច្ចរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសបារាំង។

ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន លោកអគ្គរដ្ឋទូតបារាំង បានបញ្ជាក់ដូច្នេះថា «ការថែរក្សាសន្តិសុខ បារាំងថែរក្សាសន្តិសុខសម្រាប់ភ្ញៀវ ដែលធ្វើទស្សនកិច្ចនៅបារាំង»

សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានអញ្ជើញដោយ លោកប្រធានាធិបតីបារាំង ម៉ាក្រុង សម្រាប់ការបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសបារាំង ចាប់ពីថ្ងៃ១៨-១៩ ខែមករា ឆ្នាំ២០២៤។ សម្តេចធិបតី ក្នុងជំនួបជាមួយពលរដ្ឋខ្មែរនៅប្រទេសស្វីស កាលពីយប់មិញ បានចាត់ទុកថា ទស្សនកិច្ចផ្លូវការលើកនេះ ជាទស្សនកិច្ចដ៏ពិសេស ដោយសារតែកម្រិតអ្នកអញ្ជើញគឺជាប្រធានាធិបតី មិនមែននាយករដ្ឋមន្រ្តីបារាំងនោះឡើយ។

លោកឯកអគ្គរដ្ឋទូត បានលើកឡើងដែរថា ទស្សនកិច្ចរបស់សម្តេចធិបតី លើកនេះ ជាទស្សនកិច្ចលើកដំបូងក្រៅអាស៉ី និងក្នុងអឺរ៉ុប បន្ទាប់ពីទស្សនកិច្ចនៅចិន និងវៀតណាម កន្លងមក។ បារាំង បានឲ្យពិន្ទុកម្ពុជាសាជាថ្មី ហើយបើតាមលោក ហ្សាក់ បឺឡេ ការឲ្យពិន្ទុសាជាថ្មីនេះ ដោយសារភូមិសាស្ត្រនយោបាយ ជម្លោះចិននិងអាមេរិក និងប្រតិបត្តិករបារាំងនៅកម្ពុជាជាច្រើន ហើយបារាំងឃើញថា ដំណើរការអាស៊ាន-បារាំង មានភាពយឺតយ៉ាវ។

ក្រសួងការបរទេសកម្ពុជា បានគូសរំលេចថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក អេម៉ានុយអែល ម៉ាក្រុង នឹងប្តេជ្ញារួមគ្នាធ្វើឱ្យទំនាក់ទំនង ដ៏ល្អ ប្រសើររវាងកម្ពុជា និងបារាំង ឈានដល់កម្រិតថ្មី។

លោក ហ្សាក់ បឺឡេ ក៏បានបន្តថា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ក៏នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅបារាំង នៅពេលខាងមុខផងដែរ ខណៈប្រទេសកម្ពុជា មានបំណងដាក់ធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦ ហើយត្រូវបានគាំទ្រផងដែរ ដោយប្រធានាធិបតីបារាំង៕