(ភ្នំពេញ)៖ ក្រុមការងារនៃមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយក្រោមការដឹកនាំរបស់លោកបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានលេខាធិការដ្ឋាន នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានរៀបចំវគ្គបណ្តុះបណ្តាលជូនដល់ភ្នាក់ងារអប់រំឌីជីថល ដើម្បីត្រៀមក្នុងការចុះយុទ្ធនាការគាំទ្រការអប់រំឌីជីថលសម្រាប់សិស្សានុសិស្សនៅគ្រឹះស្ថានមធ្យមសិក្សារាជធានីភ្នំពេញរដូវកាលទី២។

យុទ្ធនាការគាំទ្រការអប់រំឌីជីថលសម្រាប់សិស្សានុសិស្សនៅគ្រឹះស្ថានមធ្យមសិក្សារាជធានីភ្នំពេញនេះ នឹងត្រូវអនុវត្តដោយមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ ដោយមានកិច្ចសហការពីមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ និងកម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ និងកម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប។ យុទ្ធនាការធ្វើឡើងក្នុងគោលដៅលើកកម្ពស់លទ្ធផលការសិក្សារបស់សិស្សឱ្យបានកាន់តែប្រសើរនិងប្រកបដោយគុណភាពក្នុងយុគសម័យឌីជីថល។

គួរបញ្ជាក់ផងដែរថា យុទ្ធនាការនេះធ្លាប់បានអនុវត្តកាលពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ម្តងរួចមកហើយ ដោយជាលទ្ធផលបានចុះទៅវិទ្យាល័យចំនួន៣៦ លើ៣៨ នៅតាមថ្នាក់រៀនចំនួន៨៦១បន្ទប់ និងបានជួបដោយផ្ទាល់ជាមួយសិស្សានុសិស្សចំនួនជាង ៣០០០០នាក់។ លើសពីនេះទៅទៀតមានសិស្សានុសិស្សចំនួន ២២ ៧០០នាក់ ដែលបានចុះឈ្មោះ និងចាប់ផ្តើមប្រើប្រាស់កម្មវិធីទូរសព្ទដៃ Duraseksa-ទូរសិក្សា៕