(ភ្នំពេញ)៖ ពាក់ព័ន្ធនឹងការវិវឌ្ឍថ្មីៗនៅតៃវ៉ាន់ អ្នកនាំពាក្យ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បញ្ជាក់សាជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ចំពោះ «គោលនយោបាយចិនមួយ» ដោយទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ជាអាជ្ញាធរស្របច្បាប់តែមួយគត់ តំណាងឱ្យ ប្រទេសចិនទាំងមូល។

​ការប្រកាសជំហររបស់កម្ពុជា បានធ្វើឡើងបន្ទាប់ពី គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលជាបក្សកាន់អំណាចនៅតៃវ៉ាន់សព្វថ្ងៃ បានទទួលការគាំទ្រសម្រាប់អាណត្តិទី៣ ជាប្រវត្តិសាស្ត្រ ក្នុងការបោះឆ្នោត នៅថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤កន្លងទៅនេះ ជាមួយនឹងសំលេងគាំទ្រច្រើនជាង ៤០ភាគរយ ខណៈដែលលោក Lai Ching-te ត្រូវជាប់មេដឹកនាំបន្ទាប់របស់តៃវ៉ាន់។

សហរដ្ឋអាមេរិក បានផ្ញើសារអបអរសាទរ ដល់លទ្ធផលនៃការបោះឆ្នោតនៅតៃវ៉ាន់ ប៉ុន្តែលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បាននិយាយថា សហរដ្ឋអាមេរិក មិនគាំទ្រឯករាជ្យរបស់តៃវ៉ាន់នោះទេ។

ទោះជាយ៉ាងនេះក្តី រដ្ឋាភិបាលទីក្រុងប៉េកាំង នៅថ្ងៃអាទិត្យ ទី១៤ ខែមករា ម្សិលមិញនេះ បាននិយាយថា ខ្លួនមានការសោកស្ដាយជាខ្លាំង ចំពោះសេចក្ដីថ្លែងការណ៍របស់សហរដ្ឋអាមេរិកស្ដីពីការបោះឆ្នោតសកលនៅតៃវ៉ាន់ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានផ្ញើសារអបអរសាទរជ័យជម្នះរបស់លោក Lai Ching-te៕