(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យជនជាតិកូរ៉េ Nam Han Cho ប្រធានសហព័ន្ធជំងឺទឹកនោមផ្អែមពិភពលោក បានដឹកនាំគណៈប្រតិភូចិនមួយក្រុម ចូលជួបសម្តែងការគួរសមជាមួយ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅទីស្តីការក្រសួងសុខាភិបាល កាលពីម្សិលមិញ ដើម្បីជម្រាបជូនពីគម្រោងសិក្សាស្រាវជ្រាវពីផលប៉ះពាល់ទៅលើបាតភ្នែក ចំពោះអ្នកជំងឺទឹកនោមផ្អែម (Diabetic Retinopathy) ក្នុងគោលបំណងដើម្បីការពារ និងបញ្ចៀសពីការវិវត្តន៍ទៅរកភាពងងឹតភ្នែក ដែលជាផលវិបាកមួយដ៏ធ្ងន់ធ្ងរនៃជំងឺទឹកនោមផ្អែម។
លោកសាស្រ្តាចារ្យ Nam Han Cho បានលើកឡើងថា សព្វថ្ងៃនេះ មានអ្នកជំងឺទឹកនោមផ្អែមប្រមាណជា ៤១៥ លាននាក់នៅជុំវិញពិភពលោក ហើយអ្នកដែលមិនទាន់ដឹងថាខ្លួនឯង មានជំងឺទឹកនោមផ្អែម គឺមានរហូតដល់ ១កោដិនាក់ឯណោះ។ ក្នុងនោះដែរ អ្នកជំងឺទឹកនោមផ្អែមប្រហែលជា ២៥% មានផលប៉ះពាល់ទៅលើបាតភ្នែក និងអ្នកដែលត្រៀមកើតជំងឺទឹកនោមផ្អែម មានផលប៉ះពាល់ទៅលើបាតភ្នែកប្រហែលជា 3-5%។
លោកបានបន្ថែមថា ដូច្នេះហើយ គម្រោងសិក្សាស្រាវជ្រាវពីផលប៉ះពាល់ទៅលើបាតភ្នែក ចំពោះអ្នកជំងឺទឹកនោមផ្អែមពិតជាមានសារសំខាន់ណាស់ ដើម្បីធើ្វការពិនិត្យ និងស្វែងរកបញ្ហាទាក់ទងនឹងបាតភ្នែក ដែលបង្កឡើងដោយជំងឺទឹកនោមផ្អែម និងការព្យាបាលឲ្យបានទាន់ពេលវេលា ជៀសវាងធ្វើឲ្យងងឹតភ្នែក។ លោកថា នាពេលអនាគត លោកនឹងសាងសង់អគារបន្ថែម ១ជាន់ទៀត ដើម្បីធ្វើការព្យាបាលភ្នែកដោយការវះកាត់ និងបាញ់ Laser និងការថែទាំដំបៅជើង លើអ្នកជំងឺទឹកនោមផ្អែម នៅក្នុងមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែម កម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យព្រះកុសុមៈ។
លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានថ្លែងអំណរគុណចំពោះលោកសាស្រ្តាចារ្យ Nam Han Cho ដែលបានខិតខំចូលរួម ចំណែកក្នុងការ អភិវឌ្ឍវិស័យសុខាភិបាលប្រទេសកម្ពុជា ដែលកន្លងមក លោកបានសាងសង់មជ្ឈមណ្ឌលជំងឺទឹកនោមផ្អែម កម្ពុជា-កូរ៉េ នៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ (មន្ទីរពេទ្យលោកសង្ឃ) ដើម្បីទទួលការពិគ្រោះ និងការព្យាបាលជំងឺទឹកនោមផ្អែម និងការសម្រាកព្យាបាល នៅពេលមានផលប៉ះពាល់ទាក់ទងនឹងជំងឺទឹកនោមផ្អែម។
លើសពីនេះទៅទៀត លោករដ្ឋមន្រ្តី បានជម្រាបបន្ថែមទៅគណៈប្រតិភូកូរ៉េ និងចិន ដោយស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលបានចូលរួម ចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជា ជាពិសេសទាក់ទងនឹងជំងឺទឹកនោមផ្អែម ដែលជាជំងឺរុំារៃ និងបង្កជាផលវិបាកយ៉ាងធ្ងន់ធ្ងរដល់អ្នកជំងឺ ប្រសិនបើគ្មានការព្យាបាលបានត្រឹមត្រូវ និងទៀងទាត់៕