(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤ បានអញ្ជេីញជាអធិបតីភាពពិធីផ្សព្វផ្សាយបទបញ្ជាលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ការបំពាក់ឋានន្តរស័ក្តិ និងតែងតាំងផ្លាស់ប្តូរ ផ្ទេរភារកិច្ច ជូននាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត។
ពិធីនេះក៏មានការអញ្ជេីញចូលរួមពីសំណាក់មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត នាយ-នាយរងសេនាធិការ ប្រធានមន្ទីរទាំង៧ មេបញ្ជាការមូលដ្ឋានស្រុក-ក្រុងទាំង៩ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តចូលរួមចំនួន១៥៧នាក់ ដែលប្រារព្ធធ្វេីឡេីងនៅសាលប្រជុំធំ អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះមេបញ្ជាការរង ប្រធានស្ថាប័ន អង្គភាពមូលដ្ឋាន ក្នុងកងរាជអាវុធហត្ថទាំងអស់ ដែលបានចូលរួមគោរពបទបញ្ជា និងអនុវត្តរាល់ការណែនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា ប្រកបដោយឆន្ទៈ និងមានទំនួលខុសត្រូវខ្ពស់ក្នុងការអនុវត្តតួនាទី ភារកិច្ចស្នូលរបស់ខ្លួន។
លោកមេបញ្ជាការ ក៏បានលេីកឡេីងថា ការអនុវត្តតួនាទី និងភារកិច្ច កងរាជអាវុធហត្ថឆ្នាំ២០២៣កន្លងមក កម្លាំងអាវុធហត្ថបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ស្រាវជ្រាវបង្ក្រាបបទល្មើស និងការអនុវត្តច្បាប់ បទបញ្ជាបានល្អប្រសើរ។ លោកក៏បានផ្តាំផ្ញើដល់ប្រធានស្ថាប័នទាំងអស់ត្រូវបន្តក្នុងការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ស្រាវជ្រាវបង្ក្រាបបទល្មើស និងជួយសង្គ្រោះប្រជាជនក្នុងគ្រោះថ្នាក់ផ្សេងៗបន្តទៀត។
សូមបញ្ជាក់ថា នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលត្រូវដំឡេីងឋាន្តរស័ក្តិមានចំនួន៤១នាក់, តែងតាំង ផ្លាស់ប្តូរមុខដំណែងមានចំនួន៣៥នាក់ ក្នុងនោះតែងតាំងមេបញ្ជាការមូលដ្ឋានក្រុង-ស្រុកចំនួន២រូបរួមមាន៖
ទី១៖ លោកអនុសេនីយ៍ឯក សុខ ឡេង មេបញ្ជាការរងមូលដ្ឋានក្រុងសិរីសោភ័ណ ត្រូវបានតែងតាំងជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ជំនួសលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ ត្រូវបានផ្លាស់ប្តូរទៅជាប្រធានមន្ទីរភស្តុភារ
ទី២៖ លោកអនុសេនីយ៍ឯក ហ៊ូ សារី មេបញ្ជាការរងមូលដ្ឋានក្រុងប៉ោយប៉ែត ជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ ជំនួសលោកវរសេនីយ៍ត្រី ជា ពិសី ត្រូវបានផ្លាស់ប្តូរទៅជាប្រធានមន្ទីរសម្ភារបច្ចេកទេស និងផ្ទេរភារកិច្ចយោធិន នៃកងរាជអាវុធហត្ថចំនួនចំនួន១៨រូបបន្ថែមទៀតផងដែរ៕