(កណ្ដាល)៖ យុទ្ធនាការពិនិត្យ ព្យាបាល វាស់ភ្នែក និងកាត់វ៉ែនតា ដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ក្រោមការឧបត្ថម្ភដ៏របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្តាល បានទៅដល់ស្រុកខ្សាច់កណ្ដាលហើយ ដោយមានប្រជាពលរដ្ឋបានមកទទួលសេវានេះមានជិត ១,៨០០នាក់ ។

យុទ្ធនាការនេះដឹកនាំដោយលោក ជិត ប៉ុណ្ណារ៉ា និងលោកស្រី យូ ស្រីលាភ ដែលធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រ៉ូតា ខ្សាច់កណ្ដាល ស្ថិតនៅឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាលកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។ ពិធីនេះក៏មានវត្តមានលោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្ដាល និងមន្ត្រីជាច្រើននាក់ផ្សេងទៀតផងដែរ។

លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្ដាល បានថ្លែងអំណរគុណជាអនេកកប្បការដ៏ជ្រាលជ្រៅជាទីបំផុតដល់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដែលបានយកចិត្តទុកដាក់ គិតគូរ និងផ្ដល់ជំនួយគ្រប់បែបយ៉ាងមកដល់បងប្អូនប្រជាពលរដ្ឋស្រុកខ្សាច់កណ្ដាល និងអរគុណក្រុមគ្រូពេទ្យទាំងអស់។ ខណៈដែលយុទ្ធនាការពិនិត្យភ្នែកពិតជាចំចំណុចចង់បានរបស់ប្រជាពលរដ្ឋស្រុកខ្សាច់កណ្ដាលតែម្ដង ពិសេសអ្នកមានវ័យចំណាស់ដែលពួកគាត់មានការលំបាកចក្ខុរបស់ពួកគាត់ ហើយជំនួយនេះពិតជាបានជួយដោះស្រាយទុក្ខលំបាកយ៉ាងពិតប្រាកដ និងចំតម្រូវការរបស់ប្រជាពលរដ្ឋតែម្ដង។ ក្នុងនាមអភិបាលស្រុក និងតំណាងមន្ត្រីទាំងអស់ ពិតជាមានចិត្តសប្បាយរីករាយ និងរំភើប និងត្រេកអរបំផុត។

លោកអភិបាលស្រុកបានបន្តថា ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះដែរលោក ជិត ប៉ុណ្ណារ៉ា ប្រធានក្រុមការងារដឹកនាំ បានថ្លែងថា នេះជាការយកចិត្តទុកដាក់ដ៏ធំធេងរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដែលតែងតែគិតគូ យកចិត្តទុកដាក់មកដល់ពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ ថ្ងៃនេះជាយុទ្ធនាការថ្ងៃទី២ហើយ ដែលក្រុមការងារបានមកដល់ស្រុកខ្សាច់កណ្ដាល ពោលទី១ គឺធ្វើនៅក្រុងអរិយក្សត្រ ហើយនឹងនៅតែបន្តធ្វើយុទ្ធការនេះជួយដល់ពលរដ្ឋដែលមានបញ្ហាភ្នែកទូទាំងខេត្តកណ្ដាលតែម្ដង ដោយមិនរើសអើងឡើយ។

លោកបានបញ្ជាក់ថា យុទ្ធនាការនេះធ្វើឡើងដោយគ្មានពេលកំណត់ឡើយ ពោលគឺធ្វើគ្រប់១៣ក្រុង-ស្រុកទូទាំងខេត្តកណ្ដាល ដោយធ្វើតាមដំណាក់កាល ទីតាំង និងផែនការដែលគ្រោងទុក ដោយដាក់ទិសដៅជួយឱ្យដល់ប្រជាពលរដ្ឋដល់មូលដ្ឋាន និងគ្រប់ៗគ្នា។

«ពិតជាមានចិត្តសប្បាយរីករាយណាស់ ដែលបានដឹកនាំក្រុមការងារមកជួយដល់ប្រជាពលរដ្ឋ ហើយនឹងប្ដេជ្ញាយកបេះដូងមកធ្វើការជួយឱ្យអស់ពីសមត្ថភាព ពោរពេញទៅដោយបេះដូងស្រឡាញ់ និងអនុវត្តន៍ឱ្យល្អបំផុតតបតាមការចង់បានរបស់ពលរដ្ឋ និងថ្នាក់ដឹកនាំ»។ នេះជាការលើកឡើងបន្តរបស់លោកជិត ប៉ុណ្ណារ៉ា

ប្រជាពលរដ្ឋ ពិសេសលោកយាយ-លោកតា ដែលមកទទួលសេវា បានសំដែងការសប្បាយរីករាយ ត្រេកអរឥតឧបមា និងអរគុណជាអនេកកប្បការដ៏ជ្រាលជ្រៅបំផុតដល់ក្រុមគ្រូពេទ្យដែលបានចុះដៃធ្វើដោយផ្ទាល់, លោកអភិបាលស្រុកខ្សាច់កណ្ដាល ដែលចុះផ្ទាល់មកលើកទកចិត្ត និងពិសេសលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដែលតែងតែគិតគូ យកចិត្តទុកដាក់ ជួយដល់ប្រជាពលរដ្ឋគ្រប់ៗគ្នាដោយគ្មានរើសអើងឡើយ៕