(ភ្នំពេញ)៖ នៅព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ ស្ថានទូតបារាំងប្រចាំកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មានមួយ ស្តីពីដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សន្និសីទនេះ ធ្វើឡើងដោយ លោក ហ្សាក់ បឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ដោយពន្យល់ពីគោលបំណងនៃដំណើរទស្សនកិច្ច ដែលធ្វើឡើងក្នុងក្របខណ្ឌនៃការពង្រឹងទំនាក់ទំនងទ្វេភាគី ហើយដែលនឹងអនុញ្ញាតឲ្យមានក្នុងការលើកកម្ពស់ និងពង្រីកថែមទៀតនូវកិច្ចសហប្រតិបត្តិការបារាំង-កម្ពុជា ដើម្បីឆ្លើយតបរួមគ្នាទៅនឹងបញ្ហាប្រឈមសាកលនានា។

សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំង, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងបំពេញទស្សនកិច្ចផ្លូវការលើកដំបូង នៅប្រទេសបារាំង នៅថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងជំនួបជាមួយពលរដ្ឋខ្មែរនៅប្រទេសបារាំង កាលពីយប់មិញ បានចាត់ទុកថា ទស្សនកិច្ចផ្លូវការលើកនេះ ជាទស្សនកិច្ចដ៏ពិសេស ដោយសារតែកម្រិតអ្នកអញ្ជើញគឺជាប្រធានាធិបតី មិនមែននាយករដ្ឋមន្រ្តីបារាំងនោះឡើយ៕