(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ នៅអគាររដ្ឋបាលនៃក្រសួងអប់រំ មានការជួបសំណេះសំណាល រវាងប្អូនៗយុវជន និងយុវនារី ដែលត្រូវបានជ្រើសរើសឲ្យ ចូលរួមក្នុងកម្មវិធីយុវជនអាសីអាគ្នេយ៍ និងជប៉ុនលើកទី៤៣ ឆ្នាំ២០១៦ និងលោក ហោ សំណាង ជានាយកគ្រប់គ្រងមន្ទីរសំរាកព្យាបាលកម្ពុជា និងជាអតីតប្រធាននាវាយុវជនអាសីអាគ្នេយ៍ កម្ពុជាលើកទី៣២ នៅក្នុងឆ្នាំ២០០៥។

ជាកិច្ចចាប់ផ្តើមនៃការសំណេះសំណាល លោក សៀង សុល័ក្ខ ដែលជាប្រធាននាវាយុវជនអាសីអាគ្នេយ៍កម្ពុជា ជំទាន់ទី៤៣ បានមានមតិស្វាគមន៍ និងជំរាបជូនអំពីប្រវត្តិខ្លះៗ នៃការចូលរួមរបស់កម្ពុជា នៅក្នុងកម្មវិធីនាវាយុវជនអាសីអាគ្នេយ៍ និងជប៉ុន។

លោក សុល័ក្ខ បានបញ្ជាក់ថា កម្ពុជាបានចាប់ផ្តើមចូលរួមកម្មវិធីនេះ ពេញសិទ្ធិជាលើកដំបូងនៅក្នុងឆ្នាំ២០០០ ហើយនៅក្នុងឆ្នាំ២០០៥ ក្រោមការដឹកនាំរបស់ លោក ហោ សំណាង យុវជនកម្ពុជាបានទាក់ទាញ ការចាប់អារម្មណ៍ខ្លាំងពីប្រតិភូ នៃនាវាយុវជនដែលមកពីបណ្តាប្រទេសនៅក្នុងតំបន់។

លោក សុល័ក្ខ បានបន្ថែមទៀតថា កម្មវិធីលើកនេះ យុវជនកម្ពុជានឹងធ្វើដំណើរតាមយន្តហោះ ទៅកាន់ប្រទេសជប៉ុន រួចបន្តដំណើរតាមកកប៉ាល់ ពីប្រទេសជប៉ុន ទៅកាន់ប្រទេស វៀតណាម បន្តទៅប្រទេស ថៃ សិង្ហបុរី ឥណ្ឌូនេស៉ី រួចត្រឡប់ទៅប្រទេសជប៉ុនវិញ ។

ក្រោយពីយុវជន និងយុវតីកម្ពុជាទាំង២៨រូប បានណែនាំខ្លួនរួច លោក ហោ សំណាង ដែលជាអតីតប្រធានដឹកនាំនាវាយុវជនអាស៉ីអាគ្នេយ៍កម្ពុជា និងជានាយកគ្រប់គ្រង មន្ទីរសំរាកព្យាបាលកម្ពុជា បានជំរាបជូនប្អូនៗឲ្យបានស្គាល់ អំពីមន្ទីរសំរាកព្យាបាលកម្ពុជា (FCC) មុននឹងលោកជំរាបជូនអំពីរឿងផ្ទាល់ខ្លួន របស់លោកក្នុងការដឹកនាំនាវាយុវជនអាស៉ីអាគ្នេយ៍ របស់កម្ពុជា កាលពី១១ឆ្នាំមុន។
 
លោក ហោ សំណាង បានបញ្ចាក់ថា FCC គឺជាមន្ទីរសំរាកព្យាបាលឈានមុខគេនៅកម្ពុជា ក្នុងការនាំមកនូវបច្ចេកវិទ្យា បង្កកំណើតកូនក្នុងកែវ ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជា ដែលជួបការលំបាកក្នុងការមានកូនតាមធម្មជាតិ ។ លោកបានបន្ថែមទៀតថា បើទោះជា មន្ទីរសំរាកព្យាបាលកម្ពុជា ទើបតែមានអាយុ២ឆ្នាំក៏ដោយ គិតមកត្រឹម ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០០១៦ ខាងមុខនេះ ប៉ុន្តែអត្រានែការជោគជ័យ ស្មើនឹងបណ្តាប្រទេសនៅក្នុងតំបន់ អឺរ៉ុប និងអាមេរិក។ ពោលប្រៀបបាននឹងការលើក Labo ពីអាមេរិក មកកម្ពុជាទាំងមូលតែម្តង។

លោក ហោ សំណាង បានថ្លែងបញ្ជាក់ទៀតថា កាលដែលរូបលោក មានលទ្ធផលដូចសព្វថ្ងៃនេះ ពោលការប្រែប្រួលជិវិតពីសាស្ត្រាចារ្យភាសាបរទេស មកជានាយកគ្រប់គ្រងនៃមន្ទីរ សំរាកព្យាបាលកម្ពុជា ដែលមានការទទួលស្គាល់ និងគាំទ្រពីមហាជនទូទៅនេះ គឺមួយផ្នែក បានមកពីការ ដែលលោកមានឱកាស បានទៅចូលរួមក្នុងកម្មវិធី នាវាយុវជនអាសីអាគ្នេយ៍ និងជប៉ុន កាលពី១១ ឆ្នាំមុន ដែលមិនត្រឹមតែអាចពាំនាំនូវប្រពៃណី និងវប្បធម៌ដ៏ផូរផង់របស់កម្ពុជា ឲ្យយុវជន មកពីបណ្តាលប្រទេស នៅក្នុងតំបន់បានស្គាល់តែប៉ុណ្ណោះទេ ថែមទាំងមានឱកាសបានរៀនសូត្រ និងចែករំលែកបទពិសោធន៍ពីគ្នាទៅវិញ ទៅមកផងដែរ។

ទន្ទឹមនឹងការលើកឡើង អំពីបទពិសោធន៍ ដែលនាំឲ្យរូបលោកទទួលបាននូវវភាពជោគជ័យ លោក សំណាង ក៏បានសង្កត់ធ្ងន់ផងដែរ ចំពោះប្អូនៗទាំង២៨រូប ដែលត្រូវបានសំរិតសំរាំង ឲ្យធ្វើជាតំណាងយុវជនកម្ពុជា ក្នុងកម្មវិធីកប៉ាល់នេះ ត្រូវមានការសាមគ្គី និងសហការគ្នាឲ្យបានល្អ ទាំងការងារជាក្រុមក្នុងចំណោមយុវជនកម្ពុជា និងជាមួយយុវជន ដែលមកពីប្រទេសផ្សេង ពោលពុំគួរបង្ហាញឲ្យឃើញមានការប្រកួតប្រជែងគ្នានោះទេ ពីព្រោះថាប្អូនៗទាំងអស់ មិនមែនគ្រាន់តែតំណាងឲ្យខ្លួនឯង ឬយុវជនតែប៉ុណ្ណោះទេ គឺតំណាងឲ្យកម្ពុជាទាំងមូល ដូច្នេះប្អូនៗត្រូវរួមគ្នាដើម្បីឲ្យគេមើឃើញថា យុវជនកម្ពុជា ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ពិតជាមានសុខសន្តិភាព មានការអភិវិឌ្ឍន៏ និងមានធនធានមនុស្ស ប្រកបដោយសមត្ថភាព ដែលខុសពីអ្វីដែលគេបានគិតចំពោះ កម្ពុជានាពេលកន្លងមក។ ជាពិសេសត្រូវតំកល់ ផលប្រយោជន៏ក្រុម និងប្រទេសជាតិ ធំជាងផលប្រយោជន៍បុគ្គល។

នៅក្នុងឱកាសនោះដែរ លោក វ៉ា ម៉ូនីកា ជានាយកគ្រប់គ្រងទូទៅ នៃមន្ទីរសំរាកព្យាបាលកម្ពុជា បានចូលរួមផ្តល់ជាមតិដល់ប្អូនៗ សំរាប់ជាការពិចារណា ដោយលោកបានលើកឡើង ថា បើកូនក្នុងគ្រួសារមួយល្អ អ្នកជិតខាងប្រាកដជាសរសើរគ្រួសារនោះ បើពលរដ្ឋក្នុងភូមិមួយសុទ្ធតែល្អ ពេលធ្វើដំណើរទៅភូមិផ្សេង អ្នករស់នៅក្នុងភូមិផ្សេងនោះ និងពោលសរសើរភូមិ ដែលមានពលរដ្ឋល្អៗទាំងនោះ ។ ដូច្នេះប្អូនៗត្រូវគិតអំពីកិត្តិយស និងកិត្យានុភាពរបស់ប្រទេស នៅមុនពេលសំរេចចិត្តធ្វើអ្វីមួយ ខណពេលដែលប្អូនៗ ទៅចូលរួមក្នុងនាមប្រជាជាតិកម្ពុជា។

លោកបានបញ្ជាក់ទៀតថា ដើម្បីទទួលបានជោគជ័យក្នុងកម្មវិធី នាវានេះប្អូនៗត្រូវស្វែងយល់អំពីគោលបំណង របស់កម្មវិធីនេះឲ្យបានច្បាស់លាស់ជាមុន ។
បន្ទាប់ពីកិច្ចសំណេះសំណាលនេះ លោក ហោ សំណាង ក៏បានទុកពេលជូនប្អូនៗបានលើក ជាសំណួរ ដើម្បីចែករំលែកពុទ្ឋិ ដល់ប្អូនៗទុកជាទុនសំរាប់ការកសាងអនាគត របស់ប្អូនៗ ក៏ដូចជាការជួយដល់សង្គមគ្រួសារ និងសង្គមជាតិទាំងមូលផងដែរ ។

ជាការឆ្លើយតបទៅនឹងសំណួររបស់ប្អូនៗ លោក ហោ សំណាង បានថ្លែងបញ្ចាក់ថា ទោះជាបំរើការងារក្នុងរាជការ វិស័យឯកជន សង្គមសីវិល រឺធ្វើអាជីវកម្មផ្ទាល់ខ្លួនក្តី ឲ្យតែកិច្ចការនោះ បានជាប្រយោជន៍សំរាប់ខ្លួនឯង សំរាប់គ្រួសារ សំរាប់អ្នកដទៃ និងសំរាប់សង្គមទាំងមូល។

 ជាងនេះទៅទៀត លោកបានបញ្ជាក់ថា ដើម្បីជោគ ជ័យក្នុងជីវិត ក៏ដូចជាក្នុងការងារ យើងត្រូវមាន គោលការណ៍ និងវិន័យច្បាស់លាស់ ហើយពេលខ្លះក៏ត្រូវមានភាពបត់បែនផងដែរ តែការបត់បែន គឺត្រូវស្ថិតនៅក្នុងក្របខណ្ឌ និងគោលការណ៏ និងវិន័យរបស់ខ្លួន ។ លោកក៏បានលោកឡើងផងដែរថា ដើម្បីមានភាពជោគជ័យ យើងត្រូវគិតទៅដល់កត្តា ៣ យ៉ាង ពោលគឺ ទី១ កត្តាចំណេះដឹង និងសមត្ថភាព ទី២ ការស្រលាញ់ការងារ ទី៣ គឺ ការកំណត់ទិសដៅ និងពេលវេលាឲ្យបានជាក់លាក់ពិតប្រាកដ ។

ជាទីបញ្ចប់ លោក ហោ សំណាង នាយកគ្រប់គ្រងមន្ទីរសំរាកព្យាបាលកម្ពុជា បានឧបត្ថម្ភប្រាក់ចំនួន១០០០ ដុល្លារអាមេរិក ដល់ក្រុមនាវាយុវជនអាស៉ីអាគ្នេយ៍ និងជប៉ុន ប្រទេសកម្ពុជា ក្នុងរៀបចំចាត់ចែងទៅតាមតំរូវការ មុនការចេញដំណើរនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះ និងជូនពដល់ប្អូនៗ និងលោក សៀង សុល័ក្ខ ដែលជាប្រធានប្រតិភូ សូមប្រកបដោយជោគជ័យ និងនាំមកនូវកិត្តិយស សំរាប់ប្អូនៗខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល៕