(ភ្នំពេញ)៖ តារាចម្រៀង ទិត្យ វិច្ឆិកា នឹងរៀបចំកម្មវិធីប្រគំតន្រ្តីមនុស្សធម៌មួយ មានឈ្មោះថា «តន្រ្តីសប្បុរសធម៌កំលាំងសិល្បករខ្មែរជួយខ្មែរ» ក្នុងរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០១៦នេះ ដើម្បីស្វែងរកថវិកាមួយចំនួន យកទៅកសាងសាលាបឋមសិក្សា មួយកន្លែងក្នុងខេត្តកោះកុង ដោយលោកបានកៀគរ តារាចម្រៀងប្រុសស្រីល្បីៗ ជាច្រើនដួង មកសម្ដែង និងបង្ហើសំនៀងដោយចិត្តសប្បុរស ពុំបានគិតពីតម្លៃខ្លួនអ្វីឡើយ។
ថ្លែងនៅក្នុងសន្និសីទកាសែត នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦នេះ តារាចម្រៀង ទិត្យ វិច្ឆិកា បានថ្លែងបញ្ជាក់ថា បន្ទាប់ពីទទួលបានការសហការគាំទ្រ ពីសំណាក់ក្រុមហ៊ុន RGB និងការជួយឧបត្ថម្ភលើកទឹកចិត្ត នៃក្រុមហ៊ុនជាច្រើនរួចមក បានជំរុញឲ្យលោកសម្រេចចិត្តរៀបចំកម្មវិធី ប្រគំតន្រ្តីសប្បុរសធម៌នេះឡើង ដើម្បីប្រមូលថវិកា កសាងសាលាមួយខ្នង (៣បន្ទប់) និងស្ពានឈើមួយខ្សែ (ប្រវែង៣០ម៉ែត្រ) នៅក្នុងភូមិជាំស្លា ឃុំជីហាត ស្រុកថ្មបាំង ខេត្តកោះកុង ដែលគ្រោងនឹងចំណាយថវិកាអស់ប្រមាណ ជាង៣ម៉ឺនដុល្លារអាមេរិក។
លោក ទិត្យ វិច្ឆិកា បានបន្តថា កម្មវិធី «តន្រ្តីសប្បុរសធម៌កំលាំងសិល្បករខ្មែរជួយខ្មែរ» គឺក្នុងគោលបំណងជួយដល់សង្គម ជាសកម្មភាពសប្បុរសធម៌សុទ្ធសាធ ហើយចំពោះមូលហេតុ ដែលលោកសម្រេចចិត្ត ជួយដល់តំបន់នោះ ព្រោះតែបងប្អូនប្រជាពលរដ្ឋនៅទីនោះ មានការខ្វះខាតយ៉ាងខ្លាំង ទាំងផ្លូវ និងសាលា មានជីវភាពក្រខ្សត់ ធ្វើឲ្យលោកអាណិតដល់ក្មេងៗសិស្សានុសិស្ស ដែលគ្មានផ្លូវទៅសាលា គ្មានសាលាដើម្បីសិក្សា ទើបជំរុញទឹកចិត្តលោកឲ្យរៀបចំកម្មវិធីនេះឡើង។
តារាចម្រៀង ទិត្យ វិច្ឆិកា ក៏បានកោតសរសើរ ដល់តារាចម្រៀងប្រុសស្រីល្បីៗ ទាំងអស់ ដែលបានលះបង់កំលាំងកាយចិត្ត និងពេលវេលាចូលរួមដោយមិនគិតពីភាពនឿយហត់ ទោះបីជាមានភារកិច្ចរវល់យ៉ាងណាក្ដី ប៉ុន្តែនៅតែផ្ដល់ការគាំទ្រ និងមិនគិតពីផលប្រយោជន៍ ដើម្បីការងារសង្គម និងមនុស្សធម៌ខ្មែរជួយខ្មែរទាំងអស់គ្នា។ លោកបញ្ជាក់ថា ពេលកសាងសាលានេះរួច លោកនឹងឆ្លាក់ឈ្មោះសប្បុរសជនទាំងអស់ក្នុងផ្ទាំងថ្មមួយ ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយយកគំរូតាម ចំពោះសកម្មភាពមនុស្សធម៌ជួយសង្គមមួយនេះ។
ជាមួយគ្នានេះដែរ លោកក៏បានថ្លែងអំណរគុណ ដល់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន, លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ, លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ និងដៃគូសហការទាំងអស់ ដែលបានជួយជំរុញ ផ្ដល់ឱកាស លើកទឹកចិត្ត ផ្ដល់ទីតាំង និងសិល្បករ-សិល្បការិនីទាំងអស់ ដែលបានចូលរួមក្នុងសកម្មភាពមនុស្សធម៌នេះ ដោយបានលះបង់កម្លាំងកាយចិត្ត ជួយរូបលោកក្នុងការរៀបចំកម្មវិធីប្រគំតន្រ្តីនេះ ឲ្យប្រព្រឹត្តិទៅដោយរលូន ហើយលោកសង្ឃឹមថា នឹងជោគជ័យ។
សូមបញ្ជាក់ថា តារាចម្រៀងល្បីៗ ដែលត្រូវចូលរួមក្នុងសកម្មភាមនុស្សធម៌ មានឈ្មោះថា «តន្រ្តីសប្បុរសធម៌កំលាំង សិល្បករខ្មែរជួយខ្មែរ» រួមមាន អ្នកនាង មាស សុខសោភា, លោក ខាន់ ជេមស៍, លោក វង្ស តារារតនា, កញ្ញា ថន នីដា, លោក នៅ ស៊ីនឿន, លោក ហេង ពិទូ,កញ្ញា លាង សុផាឡែន, ក្រុមកំប្លែង នាយពែកមី ព្រមទាំងតារាចម្រៀងល្បីៗ ជាច្រើនដួងទៀត។ ក្នុងនោះទីតាំងប្រគំតន្រ្តី គឺស្ថិតនៅក្នុងបុរីញូវថោន (អូរដឹម) ខណ្ឌពោធិសែនជ័យ៕