(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កន្លងទៅរាជរដ្ឋាភិបាលកម្ពុជា បានរក្សាលំនឹងតម្លៃអគ្គិសនី ដោយសុខចិត្តខាតបង់ ដោយមិនបានដំឡើងថ្លៃអគ្គិសនី ដូចបណ្ដាប្រទេសដទៃនោះទេ ការមិនតម្លៃថ្លៃអគ្គិសនីនេះ ដើម្បីជួយដល់ប្រជាពលរដ្ឋ ជួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមានជីវភាពលំបាកបំផុត។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងលើឡើងបែបនេះ ក្នុងឱកាសសម្ដេចអញ្ជើញសំណេះសំណាល ជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប នៅវេលាម៉ោង៥ល្ងាច ត្រូវនឹងម៉ោង១១យប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា «នៅក្នុងប្រទេសអាស៊ានអំឡុងរយៈពេលប៉ុន្មានឆ្នាំមកនេះ តម្លៃភ្លើងមានការឡើងថ្លៃ ដោយសារបញ្ហាសេដ្ឋកិច្ច ប៉ុន្ដែចំពោះប្រទេសកម្ពុជា ពុំមានការដំឡើងថ្លៃភ្លើងនោះទេ រដ្ឋសុខចិត្តខាត ដើម្បីទប់ថ្លៃភ្លើងឲ្យប្រជាពលរដ្ឋ។ ជាក់ស្ដែងអគ្គិសនីកម្ពុជា កាលពីឆ្នាំទៅមិញ បានខាតបង់ទឹកប្រាក់ប៉ុន្មានរយលានដុល្លារ ដើម្បីជួយឲ្យថ្លៃភ្លើងនៅរក្សាលំនៅដដែល បណ្ដាលប្រទេសជិតខាតដូចជានៅអឺរ៉ុប អង់គ្លេសបានដំឡើងថ្លៃភ្លើង ដោយសាររឿងវិបត្តិ ប៉ុន្ដែនៅកម្ពុជានៅតែរក្សាលំនឹងតម្លៃភ្លើងមិនឡើងនោះទេ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ថែមថា ចំពោះការមិនដំឡើងថ្លៃភ្លើងមិនមែនដោយសារតែកម្ពុជា អាចផលិតបានច្រើននោះទេ ប៉ុន្ដែមួយផ្នែកធំដោយសារតែភាពអំណោយផល ក្នុងនោះ៦២ភាគរយទទួលបានពី ថាមពលកកើតថ្មី ទទួលបានពីវារីអគ្គិសនី ដែលបានមកពីភ្លៀង និងទឹក កត្តាទាំងនេះទើបមិនផ្អែកទៅលើថ្លៃភ្លើង ថ្លៃប្រេងនោះទេ។
សម្តេចធិបតីបានមានប្រសាសន៍បញ្ជាក់ថា «ថាមពលមួយចំនួនទទួលបានមកពីទឹក និងអាចទបទប់បានក៏ពិតមែន ប៉ុន្ដែកម្ពុជានៅតែខាតអស់រាប់រយលានដុល្លារ ដើម្បីជួយដល់ប្រជាពលរដ្ឋ ជួយនេះគឺជួយដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមានជីវភាពលំបាកបំផុត នេះហើយជាគោលការសមធម៌»។
សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសបារាំង ចាប់ពីថ្ងៃ១៨-១៩ ខែមករា ឆ្នាំ២០២៤ តបតាមការអញ្ជើញផ្លូវការរបស់លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង៕