(ប៉ារីស-បារាំង)៖ បន្ដវប្បធម៌តាំងពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា រហូតមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅពេលអញ្ជើញទៅបំពេញបេសកកម្មនៅក្រៅប្រទេសម្ដងៗ គឺតែងឆ្លៀតពេល និងផ្ដល់កិត្តិយសក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ បំពេញការងារ និងសិក្សារៀនសូត្រនៅទីនោះ។

ជាក់ស្ដែង នៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤នេះ (ម៉ោងនៅកម្ពុជា) សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅទ្វីបអឺរ៉ុប ក្នុងពេលបំពេញទស្សនកិច្ចនៅទីក្រុងប៉ារីស ប្រទេសបារាំង។ សម្ដេចធិបតី បានអះអាងថា ជំនួបជាមួយប្រជាពលរដ្ឋរស់នៅពេលនេះ ជាការស្វែងយល់អំពីសុខទុក្ខ និងជម្រាបអំពីការវិវឌ្ឍនានានៅប្រទេសកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ជំនួបសំណេះសំណាលនេះ មិនមែនជាការទិញទឹកចិត្តប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសនោះឡើយ ហើយសម្ដេចក៏បានផ្ដាំទៅអ្នកដែលរិះគន់រាល់ជំនួបនានានៅក្រៅប្រទេសថា ជាការទិញទឹកចិត្តនោះ ប្រៀបដូចជាការមើលស្រាលប្រជាពលរដ្ឋខ្មែរខ្លួនឯង។ ផ្ទុយទៅវិញ សម្ដេចថា ជំនួបនេះបង្ហាញអំពីស្មារតីសាមគ្គីដ៏ល្អរបស់ប្រជាពលរដ្ឋខ្មែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «សូមអរគុណណាស់ចំពោះការឆ្លៀតឱកាសជួបជុំគ្នានៅថ្ងៃនេះ ហើយនេះបង្ហាញអំពីស្មារតីនៃការសាមគ្គីគ្នា ការស្រលាញ់ រាប់អានគ្នាក្នុងនាមជាប្រជាជាតិខ្មែរតែមួយ។ ហើយទាំងអស់នេះខ្ញុំគិតថា មិនមែនជាការទិញទឹកចិត្តនោះទេ អ្នកខ្លះគេថាឲ្យតែរាជរដ្ឋាភិបាលរៀបចំ គេថាត្រូវទិញទឹកចិត្តបានមានអ្នកចូលរួម។ ខ្ញុំសូមជូនទៅអ្នកទាំងអស់នោះវិញថា សូមកុំមើលស្រាលប្រជាពលរដ្ឋខ្មែរ ស្មារតីនៃការរួមគ្នាក្នុងនាមជាជាតិខ្មែរនេះ ឈាមខាប់ជាងទឹក»

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ប្រជាពលរដ្ឋខ្មែររស់នៅទីណាក៏ដោយ មិនថាចេញមកក្រៅប្រទេសដោយស្ថានភាពណានោះទេ ពោលនៅតែមានចិត្តគិតអំពីប្រទេសជាតិទាំងអស់ ហើយជាក់ស្ដែងសម្ដេចខ្លួនឯងផ្ទាល់ធ្លាប់សិក្សារៀនសូត្រនៅក្រៅប្រទេស ដូច្នេះដឹងច្បាស់ណាស់អំពីស្ថានភាពទាំងអស់នេះ នៅពេលខ្លួនចាកចេញពីប្រទេសកំណើត។

សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ថែមទៀតថា សម្រាប់ប្រជាពលរដ្ឋខ្មែរដែលអញ្ជើញមកចូលរួមក្នុងពិធីជួបសំណេះសំណាលនៅពេលនេះ អ្នកខ្លះបានធ្វើដំណើររហូតដល់ជាង១០ម៉ោងឯណោះ ទើបមកដល់ទីក្រុងប៉ារីស ប្រទេសបារាំង ពោលមកពីប្រទេសឆ្ងាយ ដូចជា ប៊ែលហ្សិក ស៊ូរិកជាដើម។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ក្រុមការងារយុវជននៅក្រៅប្រទេស និងអ្នកពាក់ព័ន្ធ ដែលសហការគ្នាបានល្អ ក្នុងការរៀបចំជំនួបសំណេះសំណាល នាពេលនេះ ដែលមានអ្នកចូលរួមប្រមាណជាង២ពាន់នាក់៕

<div clas