(ប៉ារីស)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ប៉ុន្មានថ្ងៃនេះមានអ្នកទៅពន្យល់ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ដោយប្រាប់លោកថា ប្រយ័ត្នចាញ់បោក សម្តេចធិបតី។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា ការអញ្ជើញរបស់ប្រធានាធិបតីបារាំង គឺច្បាស់ណាស់ នឹងមានការវាយតម្លៃគ្រប់ជ្រុងជ្រោយរួចហើយ ដោយមើលឃើញអំពីប្រយោជន៍នៃទំនាក់ទំនងប្រទេសទាំងពីរ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ថ្លែងបែបនេះពេលអញ្ជើញសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប នៅវេលាម៉ោង៥ល្ងាច ត្រូវនឹងម៉ោង១១យប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប៉ុន្មានថ្ងៃនេះ ខ្ញុំឃើញមានអ្នកចេញទៅពន្យល់ប្រធានាធិបតីបារាំង ថាកុំឲ្យចាញ់បោក ហ៊ុន ម៉ាណែត ណា។ គាត់សរសេរលិខិតមួយយ៉ាងវែង ហើយក្រុមជំនួយការខ្ញុំបាញ់មកឲ្យមើល។ ខ្ញុំថា តាមដំណើរទៅអីចឹង។ មុននឹងប្រធានាធិបតី​ នាយករដ្ឋមន្ត្រី ជាពិសេសប្រទេសមហាអំណាចធ្វើការសម្រេចចិត្តផ្ញើកម្រិតខ្ពស់បំផុត អញ្ជើញប្រមុខរាជរដ្ឋាភិបាលកម្ពុជា មកទស្សនកិច្ចប្រាកដជាមានការវាយតម្លៃគ្រប់ជ្រុងជ្រោយ ហើយថែមទាំងប្រធានាធិបតីខ្លួនឯងផ្ទាល់បានសម្រេចចិត្ត មើលឃើញច្បាស់ពីអត្ថប្រយោជន៍នៃទំនាក់ទំនង បានជាការផ្តល់ចេញនូវលិខិតជាផ្លូវការ»

បើតាមប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រធានាធិបតីបារាំង អញ្ជើញសម្តេចបំពេញទស្សនកិច្ចនៅបារាំងហើយ បែរជាខ្លាចសម្តេចបោកនោះ ជារឿងនឹកស្មានមិនដល់ ក្នុងនាមបារាំងជាមហាអំណាចមួយដែរនោះ។

សម្តេចធិបតី បានលើកឡើងថា ទស្សនកិច្ចផ្លូវការរបស់សម្តេចនៅប្រទេសបារាំង មានលក្ខណៈពិសេស ដោយសារប្រធានាធិបតីបារាំង ជាអ្នកចេញលិខិតអញ្ជើញ ព្រោះធម្មតា គឺមានសមភាពការទូត គឺបើនាយករដ្ឋមន្រ្តី ត្រូវអញ្ជើញដោយនាយករដ្ឋមន្រ្តី។

សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសបារាំង ចាប់ពីថ្ងៃ១៨-១៩ ខែមករា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង​។

ក្រសួងការបរទេសកម្ពុជា បានគូសរំលេចថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក អេម៉ានុយអែល ម៉ាក្រុង នឹងប្តេជ្ញារួមគ្នាធ្វើឱ្យទំនាក់ទំនង​ដ៏ល្អ​ប្រសើររវាងកម្ពុជា និងបារាំង ឈានដល់កម្រិតថ្មី៕