(ភ្នំពេញ)៖ តាមការគ្រោងទុកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបើកបវេសនកាលទូទាំងប្រទេសនៅថ្ងៃទី១៥ ខែមករា ស្អែកនេះ ដើម្បីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យដែលជាកម្មវិធីដាក់ចេញដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត។

កម្មវិធីបើកបវេសនកាលនេះ នឹងធ្វើឡើងនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC)ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលមានអ្នកចូលរួមសរុបប្រមាណជាង៣៧០០នាក់។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្លាប់បញ្ជាក់ថា យុវជនចំនួន១៥០០០នាក់ដែលស្មើនឹង៥៥០ថ្នាក់នឹងសិក្សាក្នុង១០វិស័យលើជំនាញចំនួន៣៨ផ្សេងគ្នានៅទូទាំងប្រទេសដែលជាវគ្គបណ្តុះបណ្តាលើកទី១។

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ បានដាក់ឱ្យអនុវត្តកម្មវិធីថ្នាក់ជាតិស្តីពីការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈជូនដល់យុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យដើម្បីទទួលបានជំនាញជាក់លាក់ដោយសិក្សាត្រឹមរយៈពេល៤ខែ និងទទួលបានប្រាក់ឧបត្ថមចំនួន២៨ម៉ឺនរៀលក្នុងមួយខែ។

អ្នកជំនាញសេដ្ឋកិច្ច អ្នកវិភាគ និងសាធារណៈមតិ បានអបអរសាទរ និងគាំទ្រកម្មវិធីថ្នាក់ជាតិមួយនេះ ត្បិតអីជាយុទ្ធសាស្ត្រព្រួញមួយបាញ់បានសត្វពីរព្រោះពលរដ្ឋមកពីគ្រួសារក្រីក្រនឹងមានជំនាញជាក់លាក់ ហើយកម្មវិធីនេះ នឹងក្លាយជាយុទ្ធសាស្ត្រគន្លឹះក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០៕