(ភ្នំពេញ)៖ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ កម្មវិធីរាត្រីសមោសររបស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នឹងរៀបចំឡើងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ខាងមុខនេះ, នៅថ្ងៃនេះអ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប ម្ចាស់បុរីពិភពថ្មី និងជាម្ចាស់គ្រឹះស្ថានហិរញ្ញវត្ថុពិភពថ្មី បានជួយឧបត្ថម្ភដល់កម្មវិធីរាត្រីសមោសររបស់ ស.ស.ស.ក ចំនួន២ម៉ឺនដុល្លារ សម្រាប់ជួយទ្រទ្រង់ដំណើរការ សហភាពសហព័ន្ធ អ្នកសារព័ត៌កម្ពុជាបន្តទៅមុខទៀត ។
លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការឧបត្ថម្ភរបស់អ្នកឧកញ៉ា ហុង ពីវ ហើយបាន ចាត់ទុកការឧបត្ថម្ភនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់ទៅលើអ្នកសារព័ត៌មានកម្ពុជា ពីសំណាក់អ្នកជំនួញដ៏ល្បីនៅកម្ពុជា។
ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជារូបនោះ បានសម្តែងនូវក្តីសង្ឃឹមថា កម្មវិធីរាត្រីសមោសរ ខាងមុខនេះនឹងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ប្រធានអង្គភាពឯកជននានា ព្រមទាំងលោកឧកញ៉ា ជាច្រើនរូបទៀតផងដែរ។
អ្នកឧកញ៉ា ហុង ពីវ ត្រូវបានប្រជាពលរដ្ឋមើលឃើញថា ជាអ្នកជំនួញមួយដែលមានសមានចិត្តសម្បុរសធម៌ក្នុងការជួយដល់សង្គមកម្ពុជា, ជាក់ស្តែង
ក្នុងពិធីអបអរសាទរខួប ១៥៣ឆ្នាំ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមខួប ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ អ្នកឧកញ៉ា ហុង ពីវ បានធ្វើការបរិច្ចាគទឹកប្រាក់រហូតដល់ ១លាន ២សែន ៨ម៉ឺនដុល្លារអាមេរិក។
នៅថ្ងៃទី២៧ ខែឧសភាកន្លងទៅ អ្នកឧកញ៉ា ហុង ពីវ ដែលអគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប ម្ចាស់បុរីពិភពថ្មី និងជាម្ចាស់គ្រឹះស្ថានហិរញ្ញវត្ថុពិភពថ្មី បានសម្រេចផ្តល់ថវិកា ៣៦ម៉ឺនដុល្លារ ដល់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្រាប់ជួយសាងសង់ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស តបតាមការអំពាវនាវរបស់នាយឧត្តមសេនីយ៍ សៅ សុខា។
ដោយឡែកពីឆ្នាំកន្លងទៅ អ្នកឧកញ៉ា ហុង ពីវ បានឧត្ថម្ភដល់មន្ទីរពេទ្យសណ្តោសគន្ធបុប្ផា ១លានដុល្លារផងដែរ។
អ្នកឧកញ៉ា ហុង ពីវ ត្រូវបានបងប្អូនប្រជាពលរដ្ឋកោតសរសើរថា ជាឧកញ៉ា ដែលមានសណ្តានចិត្តសណ្តោសប្រណី និងទូលំទូលាយ តែងចូលរួមក្នុងការងារ មនុស្សធម៌ជួយសង្គម និងជនទីទ័លក្រ ហើយតែងបានជួយឧបត្ថម្ភដល់បុគ្គលិក ដែលមានការខ្វះខាតផងដែរ៕