(រតនគិរី)៖ លោក ធូ ឃឿ ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាក្រុងបានលុង នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយមហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ដែលប្រព្រឹត្តឡើងកាលពីថ្ងៃទី០៩-១០ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ នៅវិមាន៧មករា។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅស្នាក់ការគណបក្សសង្កាត់កាចាញ ដោយមានការចូលរួមពីក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានសង្កាត់កាចាញ លោកទុន ពៅប្រធានគណបក្សសង្កាត់កាចាញ លោក លោកស្រីសមាជិកសាខាបក្ស ទាំង៤ភូមិ ចំនួន ១១២នាក់(ស្រី៥១នាក់)។

លោក ធូ ឃឿ បានបញ្ជាក់ថាមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើឡើងនៅវិមាន៧មករា រយៈពេល២ថ្ងៃ បានបិទបញ្ចប់នៅល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ជាមួយលទ្ធផលប្រកបដោយជោគជ័យ។

នៅក្នុងមហាសន្និបាតគណបក្សប្រជាជនកម្ពុជាបានបោះឆ្នោតជ្រើសតាំងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្ស ព្រមទាំងបោះឆ្នោតបន្ថែមសមាជិកថ្មីគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន ២៣រូប និងបន្ថែមសមាជិកគណៈកម្មាធិការកណ្តាលចំនួន ៤៩៦រូប ដែលធ្វើឲ្យគណៈកម្មាធិការកណ្តាលកើនដល់ចំនួន ១,៣១២នាក់។

ជាមួយគ្នានេះ ក៏មានការបោះឆ្នោតជ្រើសតាំងប្រធាន និងសមាជិកគណៈកម្មាធិការហិរញ្ញវត្ថុ នៃគណៈកម្មាធិការកណ្តាលចំនួន៧រូបផងដែរ។

លោក ធូ ឃឿ បានបន្តថា អង្គសន្និបាតបានពិភាក្សានិងអនុម័តរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៣ និងទិសដៅភារកិច្ចឆ្នាំ២០២៤។មហាសន្និបាតបានវាយតម្លៃខ្ពស់ ក្នុងឆ្នាំ២០២៣ កម្ពុជាបានសម្រេចសមិទ្ធផលធំៗជាច្រើន ទោះបីត្រូវរងឥទ្ធិពលពីការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិ ព្រមទាំងផលវិបាកនៃជំងឺកូវីដ-១៩ និងបញ្ហាប្រឈមមួយចំនួនទៀតក្តី។

លោក ធូ ឃឿ បានបន្តទៀតថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ដែលមានសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងបន្តមករាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ត្រូវបានថែរក្សាយ៉ាងរឹងមាំដែលបង្កលក្ខណៈឲ្យជីវភាព សង្គមលើគ្រប់វិស័យមានដំណើរការប្រកបដោយភាពវិជ្ជមាន៕