(ក្រុងម៉ាឌ្រីដ)៖ ក្រុមបាល់ទាត់អាជីពទាំងឡាយណាដែលបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៤ នឹងបានឈ្នះកៅអីលេង ក្នុងក្របខណ្ឌកំពូលប្រចាំទ្វីបអឺរ៉ុប UEFA Champions League ដោយស្វ័យប្រវត្តិចាប់ពីរដូវកាលឆ្នាំ២០១៨-២០១៩ តទៅ ដោយមិនចាំបាច់ឆ្លងកាត់វគ្គជម្រុះឡើយ (Play off)។
យោងតាមសារព័ត៌មាន BBC របស់អង់គ្លេសបានចេញនៅមុននេះថា លីគអាជីពទាំង៤ នៅតំបន់អឺរ៉ុបដែលបានបញ្ចប់ទៅចំណាត់ថ្នាក់លេខ៤ ក្នុងលីគកំពូលនៃប្រទេសនីមួយៗដូច Premier League របស់អង់គ្លេស, La Liga របស់ អេស្ប៉ាញ, Bundesliga របស់អាល្លឺម៉ង់ និង Serie A របស់អ៉ីតាលីជាដើម។
នាយកសហព័ន្ធបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប (UEFA) លោក Giogio Marchetti បានថ្លែងថា «ច្បាប់មួយចំនួនក្នុង UEFA ត្រូវបានកែប្រែបន្តិចបន្ទួច ដោយមិនចាំបាច់ឲ្យក្រុមបញ្ចប់ដោយចំណាត់ថ្នាក់លេខ៤ លេងវគ្គជម្រុះទៀតទេ គឺឈ្នះកៅអី លេងវគ្គចែកពូលដោយស្វ័យប្រវត្តិ ៣២ក្រុមតែម្តង ចាប់ពីរដូវកាលឆ្នាំ២០១៨-២០១៩ តទៅ»។
លោក Marchetti បានសង្កត់ធ្ងន់ថា ក្នុងនោះឲ្យតែលីគខ្លាំងៗ មានដូចជាអង់គ្លេស អាល្លឺម៉ង់ អ៉ីតាលី និងអេស្ប៉ាញ តែប៉ុណ្ណោះទេ ក្រៅនោះគឺនៅរក្សាក្បួនច្បាប់ដដែល៕