(ស្វាយរៀង)៖ ឈ្មួញវៀតណាមចូលមកប្រមូលទិញដើមឈើ នៅតាមបន្ទាត់ព្រំដែនខ្មែរជារៀងរាល់ថ្ងៃ ដោយគ្មានទប់ស្កាត់ពីអាជ្ញាធរមូលដ្ឋាន ក៏ដូចជាសមត្ថកិច្ចនៅតាមព្រំដែននោះឡើយ។

ករណីនេះកើតបានឡើងកាលពីវេលាម៉ោង ២៖០០នាទីរសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ នៅចំណុចព្រែកនៃផ្លូវក្រវាត់ព្រំដែនស្ថិតនៅភូមិវាលម្អម ឃុំថ្មី ស្រុកកំពង់រោទិ៍។

បើតាមប្រជាពលរដ្ឋនៅភូមិវាលម្អម ឃុំថ្មី បានឲ្យដឹងថា មានជនជាតិវៀតណាមយកទូកប៉ុកចៃធំៗ ចូលមកតាមព្រែក ព្រំដែនមកចតនៅកំពង់ជាប់ផ្លូវក្រវាត់ព្រំដែន ដើរប្រមូលទិញដើមឈើ តាមក្រវាត់ព្រំដែន ដោយមានសមត្ថកិច្ចនគរបាលការពារព្រំដែនសម្របសម្រួលឲ្យក្រុមជនជាតិវៀតណាម ដើរកាប់យករណាយន្តអាកាត់ដើមឈើនៅតាមព្រំដែន រួមមានដើមស្មាច់ ដើមអាកាស្យា ដើមត្រចៀកជ្រូក និងឈើចម្រុះមុខកាត់៣តឹកទៅ៤តឹក លើកដាក់ទូកដឹកទៅប្រទេសវៀតណាមយ៉ាងរំភើយ។

ប្រភពបន្តទៀតថា ដើមឈើតាមក្រវាត់ព្រំដែននេះ គឺមានទាំងដើមឈើធម្មជាតិ ដើមស្មាច់និងដើមឈើចម្រុះដុះនៅតាមបណ្តោយមាត់ព្រែក និងដើមឈើដាំ អាកាស្យា ប្រេងខ្យល់ ប្រសិនបើប្រជាពលរដ្ឋកាប់ប្រើប្រាស់ ឬធ្វើអុសដុត គឺត្រូវសមត្ថកិច្ចហាមឃាត់។ នៅពេលប្រជាជនវៀតណាមគេត្រូវការ សមត្ថកិច្ចសម្រួលឲ្យចូលកាប់លើកដាក់ទូកដឹកទៅប្រទេសវៀតណាមយ៉ាងរំភើយ។

ទាក់ទិនករណីនេះដែរលោកវរសេនីយ៍ទោ ហែម សាមុត អធិការនៃអធិការដ្ឋាននគបាលស្រុកកំពង់រោទិ៍ បានឲ្យដឹងថា គឺពិតជាមានវៀតណាមមកប្រមូលទិញឈើពិតប្រាកដមែន គឺអាជ្ញាធរមានសមត្ថកិច្ចមិនអាចទប់ស្កាត់បានទេ ដោយប្រជាពលរដ្ឋខ្មែរ និងប្រជាពលរដ្ឋវៀតណាមរស់នៅជិតព្រំដែនគ្នា តែងតែចេញចូលរកស៊ីទៅវិញទៅមក។ ចំពោះដើមឈើនៅតាមព្រំដែន គឺប្រជាពលរដ្ឋជាអ្នកកាប់លក់ គឺគាត់កាប់នៅតាមចុងដីរបស់គាត់សមត្ថកិច្ច មិនអាចប៉ះពាល់ ឬហាមគាត់បានទេ។ ចំពោះវៀតណាមយកទូកចូលមកព្រំដែន លោកស្នើឲ្យសួរទៅសមត្ថកិច្ចប៉ូលីសវរការពារព្រំដែនទៅ។

ទាក់ទិនករណីនេះដែរ Fresh News មិនអាចទាក់ទងលោកវរសេនីយ៍ទោ យ៉ន សុផល ប្រធាននគរបាលវរការពារព្រំដែនជើងគោកលេខ៦០៩ នៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀងបានទេ ខណៈទូរសព្ទចូលហើយគ្មានអ្នកទទួល។

ចំណែកលោក សុច ពិសី អភិបាលស្រុកកំពង់រោទិ៍ បានឲ្យដឹងថា លោកមិនបានដឹងករណីនេះទេ ចាំលោកឲ្យនគរបាលចុះទៅពិនិត្យមើល។

ពលរដ្ឋលើកឡើងថា រយៈពេល១ខែមកហើយ គឺដើមឈើនៅតាមព្រំដែនត្រូវបានគេកាប់លក់ឲ្យក្រុមឈ្មួញវៀតណាម ដឹកតាមរថយន្តនិងតាមត្រាក់ទ័រទាំងយប់ទាំងថ្ងៃ យកទៅដាក់ទូកកាណូតដឹកចេញទៅប្រទេសវៀតណាមយ៉ាងរលូន៕