(ភ្នំពេញ)៖ ម្ចាស់ហាងរតន:រចនាម៉ូដ ដែលជាប់ពាក់ព័ន្ធ នឹងករណីវាយតាម៉ូតូកង់បីបណ្តាលឲ្យបាក់ដៃ ត្រូវបានលោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៦ ខែសីហា សម្រេចចោទប្រកាន់ជាផ្លូវការ រួចបញ្ជូនទៅចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី។
មន្ត្រីតុលាការបញ្ជាក់ថា លោកព្រះរាជអាជ្ញារង សៀង សុខ បានចោទប្រកាន់ឈ្មោះ ពៅ រតនៈ ហៅប្រុស អាយុ៣០ឆ្នាំពីបទ «ហិង្សាដោយចេតនាមាន ស្ថានទម្ងន់ទោស តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ»។
បច្ចុប្បន្នសំណុំរឿងនិងជនត្រូវចោទ កំពុងស្ថិតក្រោមចំណាត់ការរបស់លោក តុប ឈុនហេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ នៅដំណាក់កាលនេះ ចៅក្រមស៊ើបសួរនឹងសម្រេចឃុំ ឬមិនឃុំខ្លួនជនត្រូវចោទ។
បទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និង ពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល៕