(សៀមរាប)៖ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជា​ការកងទ័ពជើងអាកាស ទទួលបន្ទុកការពារអាកាស ជាតំណាងដ៏ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍ អគ្គមេបញ្ជា​ការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញអធិបតី​ភាព ក្នុងពិធី​បិទ​ចាត់តាំងបាញ់គ្រាប់ពិត ត្រួតពិនិត្យលទ្ធផល បិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលនាយទាហានរងជំនាញ​ការពារ​អាកាសជំនាន់ទី៧ ឆ្នាំ២០២២-២០២៣ និងបើកវគ្គជំនាន់ទី៨ ឆ្នាំ២០២៣-២០២៤ នៅទីលាន​បាញ់គ្រាប់ពិតនៅភ្នំខ្យង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។

វគ្គបណ្តុះបណ្តាលនាយទាហានរងជំនាញការពារអាកាសជំនាន់ទី៧ មានរយៈពេល ២៧០ថ្ងៃ នៅសាលា​ការពារអាកាសស្រែណូយ។ ក្នុងនោះលំហាត់បាញ់គ្រាប់ពិតការពារអាកាស មានសិក្ខាកាមចូលរួមចំនួន ៦០នាក់ មកពីការពារអាកាសចំណុះអគ្គបញ្ជាការដ្ឋាន ការពារអាកាសចំណុះកងទ័ព​ជើងគោក និងការ​ពារ​អាកាសចំណុះកងទ័ពជើងទឹក ក្នុងនោះមានយោធាចារ្យចំនួន ៥នាក់។

លំហាត់បាញ់គ្រាប់ពិតការពារអាកាសសមយុទ្ធត្រូវបានធ្វើឡើងដើម្បីពង្រឹងសមត្ថភាព ចំណេះដឹង​ជំនាញ​ដល់នាយទាហានរងក្នុងកិច្ចការពារដែលអាកាសបូរណភាពទឹកដីនាពេលបច្ចុប្បន្ន និងអនាគត។ ផ្អែក​តាមសច្ចាប័នរបស់អគ្គមេបញ្ជាការនាយកងយោធពលខេមរៈភូមិន្ទស្តីពីផែនការហ្វឹកហ្វឺននាយទាហានរងជំនាញការពារអាកាសឆ្នាំ២០២៣ សាលាការពារអាកាសបានបន្តបើកវគ្គហ្វឹកហ្វឺននាយ​ទាហានរង​ជំនាញ​​ការពារអាកាសជំនាន់ទី៨ ឆ្នាំ២០២៣-២០២៤ ដែលមានសិក្ខាកាមមកពីបណ្ដាលអង្គភាពផ្សេង​ទៀតចំនួន ៧០នាក់ និងគ្រូយោធាចារ្យចំនួន ១០នាក់។ ជាមួយគ្នានោះលំហាត់បាញ់គ្រាប់ពិតនៅលើ​ទីលានសាលាការពារអាកាសបានប្រើប្រាស់អាវុធការពារអាកាស ២៣ម.ល និង ៣៧ម.ល។

នាយឧត្តមសេនីយ៍ សឹង សំណាង បានសំដែងក្តីរីករាយ និងកោតសរសើរ បញ្ជាការដ្ឋានការពារ​អាកាស​អគ្គបញ្ជាការ ដែលបានដើរតួនាទីយ៉ាងសំខាន់លើភារកិច្ចស្នូលការពារដែនអាកាស ការត្រៀមប្រយុទ្ធ ការ​ងារ​​ហ្វឹកហ្វឺន ការងារកសាងកម្លាំងការងារថែទាំបច្ចេកទេសសព្វាវុធរយៈពេល​កន្លងមកនេះ បានបង្ហាញពី​លទ្ធផលផ្លែផ្កា​ជាច្រើន ដែលជាកិច្ចខិតខំប្រឹងប្រែងរបស់បញ្ជាការដ្ឋានការពារកាសអគ្គបញ្ជាការឆ្នាំ ២០២៣ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៤។

នាយឧត្តមសេនីយ៍ សឹង សំណាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំគ្រប់​ជាន់​ថ្នាក់ ដែលបានជួយជ្រោមជ្រែងយកចិត្តទុកដាក់ឆ្លើយតបទាន់ពេលវេលាជាមួយ​តម្រូវការចាំបាច់​ចំពោះ​មុខ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាពការងារជំនាញ។

«កិច្ចការពារជាតិ គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពនានាដែលរាជរដ្ឋាភិបាល​កម្ពុជាបានយកចិត្ត​ទុកដាក់ ​ដើម្បីធានាបាននូវសុខសន្តិភាព សន្តិសុខ ស្ថេរភាព និងលើកតម្កើងកិត្យានុភាពជាតិ​នៅលើឆាក​អន្តរ​ជាតិ»។ នេះជាការគូសបញ្ជាក់របស់នាយឧត្តមសេនីយ៍ សាង សំណាង។

មេទ័ពអាកាសនាយឧត្តមសេនីយ៍ សឹង សំណាង បានរំលឹកដែរថា កន្លងមកនេះកងយោធពល​ខេមរភូមិន្ទ​បានទប់ស្កាត់ទាន់ពេលវេលា និងមានប្រសិទ្ធភាពក្នុងការទប់ស្កាត់អំពើភេវរកម្ម ចូលរួមប្រយុទ្ធយ៉ាង​យ៉ាង​ពេញទំហឹងជាមួយនឹងជំងឺរាតត្បាតកូវីដ១៩ រួមចំណែកក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងចូលរួម​យ៉ាង​សកម្មក្នុងការងារជំនួយមនុស្សធម៌។

បន្ថែមពីលើនោះកងយោធពលខេមរភូមិន្ទបានអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះវាសនារបស់ប្រទេសជាតិ ស្មោះត្រង់ការពាររាជរដ្ឋាភិបាលរក្សាបាននូវជំនឿទុកចិត្ត និងការ​គាំទ្រ​ពីប្រជាជន។ ការអនុវត្តកម្មវិធីកំណែទម្រង់កងយុទ្ធពលខេមរៈភូមិន្ទ ត្រូវបានផ្ដោតជាសំខាន់ លើការបន្ត​ពង្រឹង​កម្លាំងប្រដាប់អាវុធឱ្យមានវិជ្ជាជីវៈជំនាញមានសមត្ថភាពក្នុងការបន្តវេន​មានបច្ចេកវិទ្យា និង​មូល​ដ្ឋានសម្ភារៈសមស្របគោរពប្រតិបត្តិច្បាប់មុឺងម៉ាត់គ្រប់សិទ្ធិមនុស្សមានទឹកចិត្តស្មោះត្រង់ចំពោះជាតិសាសនាព្រះមហាក្សត្រហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបូរណភាពទឹកដី។

ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ សឹង សំណាង បានផ្តាំដល់កងទ័ពទើបបញ្ចប់វគ្គហ្វឹកហ្វឺន ត្រូវស្មោះ​ត្រង់​ចំពោះ​ជាតិមាតុភូមិលើកកម្ពស់មនសិការស្នេហាជាតិ ត្រូវគោរពយ៉ាងម៉ឺងម៉ាត់រាល់បទ​បញ្ជា​ លក្ខន្តិកៈ វិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ត្រូវទប់ស្កាត់ និងប្រឆាំងដាច់ខាតរាល់បដិវត្តន៍ពណ៌​និងគាំទ្រការពាររាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ។

នាយឧត្តមសេនីយ៍ ក៏បានផ្តាំផ្ញើឱ្យកងទ័ពយកចំណេះដឹងទៅអនុវត្តជាក់ស្ដែង ហើយត្រូវបន្តរៀនសូត្រ​ស្វែង​​យល់បន្ថែម ដើម្បីលើកកម្ពស់សមត្ថភាពសមស្របទៅនឹងគ្រឿងបំពាក់បច្ចេកទេសទំនើប សម័យ​បច្ចេកវិទ្យាថ្មី ខិតខំបន្តស្រាវជ្រាវលើការរៀបចំឯកសារមេរៀនពាក់ព័ន្ធនឹងជំនាញ៕