(កំពង់ចាម)៖ លោក មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា ស្រុកកំពង់សៀម ខេត្តកំពង់ចាម នឹងត្រូវបានជ្រើសរើសជាគោលដៅពង្រឹង និងធ្វើការដកពិសោធន៍បន្ថែម លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។

ការបញ្ជ្រាបពីបញ្ហាគ្រឿងញៀនរបស់ លោក មាស វិរិទ្ធ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤នេះ ក្នុងពិធីផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជន និងប្រកាសក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៥ទូទាំងស្រុកកំពង់សៀម ខេត្តកំពង់ចាម​។

ដើម្បីចូលរួមចាត់តាំងអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ របស់រាជរដ្ឋាភិបាល លោក មាស វិរិទ្ធ បានណែនាំដល់នាយកដ្ឋានអនុវត្តច្បាប់ នៃអគ្គលេខាធិការដ្ឋាន ធ្វើការជួបពិភាក្សាជាមួយថ្នាក់ខេត្ត រិះរកមធ្យោបាយ​ វិធានការនានា ដើម្បីរួមគ្នាប្តេជ្ញាប្រយុទ្ធប្រឆាំងគ្រឿងញៀននៅមូលដ្ឋានស្រុកកំពង់សៀម របស់ខេត្តកំពង់ចាម។

លោកបញ្ជាក់ថា ក្នុងនោះនឹងជ្រើសរើសភូមិមួយចំនួននៅស្រុកកំពង់សៀមរាប សម្រាប់អនុវត្ត និងធ្វើការដកពិសោធន៍ ដើម្បីឈានទៅបន្តពង្រីកវិសាលភាពសម្រាប់អនុវត្តទូទាំងស្រុកកំពង់សៀម និយាយដោយឡែក និងនិយាយជារួមនៅក្របខ័ណ្ឌទូទាំងប្រទេសតែម្ដង។

ក្នុងឱកាសនោះ សមាជិក​ សមាជិកា​ នៃអង្គពិធីបានគាំទ្រ នឹងការលើកឡើងខាងលើ និងប្តេជ្ញាចិត្តក្នុងការបង្កើតនូវសមិទ្ធផលសម្រាប់ស្រុកកំពង់សៀម ជូនរាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើសផ្សេងៗឲ្យកាន់តែមានប្រសិទ្ធភាព៕