(អង់ការ៉ា)៖ នៅក្នុងប្រតិបត្តិការជីកឬសគល់មួយសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS ក្នុងតំបន់ភាគខាងជើងប្រទេស ស៊ីរី ជាប់ព្រំដែនតួកគីនោះ យោធាតួកគីបានសម្រេចបញ្ជូនរថក្រោះបន្ថែមទៀត ចូលទៅក្នុងទឹកដីស៊ីរី ហើយក៏បានអះអាងទៀតថា នឹងបញ្ជូនទៅបន្ថែមទៀតប្រសិនបើចំាបាច់។ នេះបើតាមការចេញផ្សាយនៅមុននេះ បន្តិចដោយសារព័ត៌មាន ABC នារសៀលថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០១៦។
គួរបញ្ជាក់ថា នេះជាការសងសឹកចំពោះការបំផ្ទុះគ្រាប់បែកសម្លាប់ជនជាតិតួកគី ៥៤នាក់ និងរបួស ២០០នាក់ កាលពីសប្តាហ៍មុន នៅសប្តាហ៍នេះកងទ័ពតួកគីបានបើកការវាយប្រហារទ្រង់ទ្រាយធំ ហើយនៅថ្ងៃសុក្រដដែលនេះ ក៏មានហេតុការណ៍រថយន្តបំផ្ទុះគ្រាប់បែកនៅទីស្នាក់ការប៉ូលិស ក្នុងទីក្រុង Cizre ភាគខាងត្បូង ប្រទេសតួកគី បណ្តាលឲ្យអ្នកស្លាប់កើនឡើងដល់១១នាក់ និងរបួស៧៨នាក់ ជាស្នាដៃរបស់ ក្រុមសកម្មប្រយុទ្ធរបស់ គណបក្សពលករឃើដ PKK ដែលបានរុកគួនរដ្ឋាភិបាលតួកគីរយៈពេល ៣ទសវត្សរ៍ មកហើយ។
គួរបញ្ជាក់ថា មកដល់ថ្ងៃសុក្រនេះ អាចនិយាយបានថាទីក្រុង Jarabulus ត្រូវបានរំដោះចេញពីពួក ISIS ហើយ ប៉ុន្តែកងទ័ពតួកគី ត្រូវការពេលសម្អាតអ្វីៗគ្រប់យ៉ាងឲ្យស្អាតសិន ដើម្បីឲ្យប្រាកដច្បាស់ថា ក្រុមសកម្មប្រយុទ្ធទាំង នោះមិនអាចមានឱកាសវិលត្រឡប់មកវិញ៕