(ត្បូងឃ្មុំ)៖ លោក ជា សុផារ៉ា ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងអំណរគុណ លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអតីតរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានជួយគាំទ្រការងារសាងសង់ប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តិកម្មសម្អាតទឹកកខ្វក់ និងការជួសជុលកែលម្អឡដុតសំរាម សំណល់រឹង និងធុងសម្រាមចំនួន ៤០ធុង សម្រាប់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារកម្រិត ២។
នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ លោក ជា ស៊ីណា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ «ត្រួតពិនិត្យ និងវាយតម្លៃការងារសាងសង់ប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តិកម្មសម្អាតទឹកកខ្វក់ និងជួសជុលកែលម្អឡដុតសំរាម សំណល់រឹងសម្រាប់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ» និងលោក ដាញ់ សេរី អគ្គនាយកគាំពារបរិស្ថាន បានដឹកសមាសភាពពាក់ព័ន្ធចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តិកម្មសម្អាតទឹកកខ្វក់ និងការជួសជុលកែលម្អឡដុតសំរាម សំណល់រឹងដែលសម្រេចបានដោយក្រុមហ៊ុនម៉ៅការ។
សូមបញ្ជាក់ថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែលមានបំពាក់ដោយបរិក្ខារទំនើប។
ជាមួយគ្នានេះ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ មានបំពាក់ដោយសម្ភារបរិក្ខាពេទ្យទំនើបៗអគារ បន្ទប់ល្អ និងមានក្រុមគ្រូពេទ្យមានបទពិសោធន៍ខ្ពស់ បម្រើសេវាដោយយកចិត្តទុកដាក់ ផ្ដល់ភាពកក់ក្តៅ និងក្តីសង្ឃឹមជូនប្រជាពលរដ្ឋ ៕