(ភ្នំពេញ)៖ បើនិយាយពីការជំពាក់បំណុល មនុស្សភាគច្រើនសុទ្ធធ្លាប់ឆ្លងកាត់ការខ្ចី គ្រាន់តែតិច និងច្រើន។ ប៉ុន្តែយ៉ាងណាមិញ មនុស្សមួយចំនួន បានប្រើប្រាស់បំណុលនោះ យកទៅបង្កើនលុយបន្ថែម ដែលធ្វើឱ្យជីវភាពកាន់តែរីកចម្រើន ប៉ុន្តែបំណុលខ្លះ ធ្វើឱ្យអ្នកជាប់កម្ចីកាន់តែមានជីវភាពយ៉ាប់យឺន និងខ្លះទៀតត្រូវបានរឹបអូសទ្រព្យសម្បត្តិ ហេតុនេះហើយទាមទារឲ្យប្រជាពលរដ្ឋ ដែលមានចំណងខ្ចីបំណុលពីស្ថាប័នធនាគារ ឬឯកជន ត្រូវតែធ្វើការពិចារណា និងថ្លឹងថ្លែងឲ្យបានហ្មត់ចត់បំផុត មុននឹងសម្រេចចិត្តទៅខ្ចីលុយ បើមិនដូចច្នេះទេ នឹងធ្លាក់ទៅក្នុងបំណុលលើសលប់។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក និងអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន មានប្រសាសន៍ថា ដើម្បីកុំឱ្យធ្លាក់ចូលទៅក្នុងបំណុលលើសលប់ និងធ្លាក់ចូលទៅក្នុងភាពក្រីក្រពលរដ្ឋកម្ពុជា គួរកុំខ្ចីបំណុលយកទិញសម្ភារៈនិយម ដើម្បីបង្ហាញភាពហ៊ឺហា តែគួរខ្ចីមកធ្វើដើមទុន ប្រកបអាជីវកម្ម។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ថ្លែងបែបនេះ ដោយលើកកត់សម្គាល់ឃើញថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋមួយចំនួន បានខ្ចីបែបលោភលន់ មិនមានការគិតពិចារណាបានវែងឆ្ងាយ ពោលមិនមែនខ្ចីមករកស៊ីទេ គឺខ្ចីមកលក្ខណៈបែបយកមកទិញសម្ភារៈនិយម ហ៉ឺហា ដូចជាឡាន ម៉ូតូ ទូរស័ព្ទ ដែលជាប្រភេទកម្ចីនាំឱ្យធ្លាក់ចូលទៅក្នុងភាពក្រីក្រ ឈានទៅដល់ការដើរបោកគេបន្តទៀតផងក៏មានដែរ។
លោកបន្តថា «បើយកល្អ សូមប្រជាជនខ្ចី គឺខ្ចីដើម្បីរកស៊ី ដែលត្រូវមានការចេះទុកដាក់សន្សំសំចៃ ហើយខ្ចី គឺសម្រាប់ពេលត្រូវការចាំបាច់ បើខ្ចីគ្រាន់តែចង់បានកុំខ្ចី។ ខ្ចីចង់បាន គឺខ្ចីចង់បានលុយគេ ចង់បានឡានថ្មី ចង់បានម៉ូតូស្អាត ចង់បានហ៊ឺហាដូចគ្នា ខ្ចីទិញសម្លៀកបំពាក់ ទូរសព្ទថ្មី ខ្ចីបែបនេះ គឺខ្ចីចោលផ្សៀត ខ្ចីអត់មានការពិចារណាគិត ដែលធ្វើកុំឱ្យយើងក្រ»៕