(បន្ទាយមានជ័យ)៖ លោក ស សុខា តំណាងរាស្រ្តមណ្ឌលព្រៃវែង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងភរិយា បានដឹកនាំក្រុមការងារ ទៅជួបសំណេះសំណាល ជាមួយប្អូនស្រី សាត ស្រីប៉ុច ដែលពិការដៃទាំងពីរ រស់នៅក្នុងភូមិភ្នំតូចខាងជើង ឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦។
លោក ស សុខា បានបញ្ជាក់នៅលើ Facebook Page ផ្លូវការរបស់លោកថា «ថ្ងៃនេះ ខ្ញុំនិងភរិយា រួមនិងក្រុមការងារ បានចុះជួបសំណេះសំណាល ជាមួយប្អូនស្រី សាត ស្រីប៉ុច ដែលពិការ ដៃទាំងពីរ រស់នៅក្នុងភូមិភ្នំតូចខាងជើង ឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យដូចការសន្យា។ ដូចខ្ញុំបានសន្យាថាជួយឧបត្ថម្ភថវិកា២០០ដុល្លារក្នុង១ខែដល់ប្អូន ថ្ងៃនេះ ខ្ញុំនិងភរិយាបាន នាំថវិកាសរុបចំនួន៨០០ដុល្លារសម្រាប់ខែ៩ ដល់ខែ១២តែម្ដង។ ចាប់ពីខែ០១ឆ្នាំ២០១៧ទៅ នឹងផ្ញើជាប្រចាំខែ»។
លោក ស សុខា ក៏បានអបអរសាទរ ដល់ យុវតី សាត ស្រីប៉ុច ដែលបានប្រឡងឌីប្លូមជាប់ជាស្ថាពរ ដោយធ្វើវិញ្ញាសានឹងជើង។
លោកបានបន្តទៀតថា នៅពេលប្អូនប្រឡងជាប់បាក់ឌុប លោក និងភរិយា នឹងផ្ដល់អាហារូបករណ៍ឲ្យរៀនមហាវិទ្យាល័យទៀត។ តំណាងរាស្រ្តមណ្ឌលព្រៃវែងដដែល បានបន្ថែមទៀតថា «សូមប្អូនបន្តស្មារតីដ៏មុះមុតរបស់ប្អូន! ទន្ទឹមនឹងនេះ សូមប្អូនៗដទៃទៀត សិក្សាចំណុចខ្លាំងរបស់ប្អូនស្រី ប៉ុច ដើម្បីអភិវឌ្ឍន៍ខ្លួនឆ្ពោះទៅរកភាពជោគជ័យ»។