(កណ្ដាល)៖ លោកស្រី កែវ ចរិយា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងលោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រួមជាមួយលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងលោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ បានអញ្ជើញចូលរួមកម្មវិធីពិនិត្យ ព្យាបាល វាស់ភ្នែក និងកាត់វ៉ែនតា ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងក្រុងអរិយក្សត្រចំនួន២,៣៥០នាក់ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល។

ពិធីនេះធ្វើឡើងពេញមួយថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅអនុវិទ្យាល័យព្រែកក្របៅ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងថា ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្ខពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។

លោកស្រី កែវ ចរិយា បានថ្លែងថា នេះជាចំណែកមួយ នៃការយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋ ហើយក្រុមការងារ នឹងនៅបន្តការងារជួយពលរដ្ឋតាមមូលដ្ឋានផ្សេងទៀត សំដៅជួយដោះស្រាយបញ្ហាទុក្ខលំបាកផ្នែកសុខភាពជូនពលរដ្ឋដោយឥតគិតថ្លៃ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយរដ្ឋមន្ត្រីនៃកម្ពុជា។

ទន្ទឹមនឹងនេះដែរ ប្រជាពលរដ្ឋជាង២ពាន់នាក់ មកពីចំសង្កាត់នួន៦ក្នុងក្រុងអរិយក្សត្រ រួមមាន៖ សង្កាត់អរិយក្សត្រ សង្កាត់ស្វាយជ្រំ សង្កាត់ព្រែកតាកូវ សង្កាត់ព្រែកលួង សង្កាត់ព្រែកអំពិល និងសង្កាត់កោះឧកញ៉ាតី បានសំដែងទឹកមុខសប្បាយរីករាយចំពោះការយកចិត្តទុកដាក់នេះ និងអរគុណជាអនេកកប្បការ៕