(ក្រចេះ)៖ កម្លាំងអាវុធហត្ថក្រោមបញ្ជាលោកឧត្ដមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ បានសហការជាមួយកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើឆ្លូង បានបង្រ្កាបរថយន្ដដឹកឈើ១គ្រឿងគ្មានច្បាប់ និងឃាត់ខ្លួនជនសង្ស័យ៣នាក់។

ប្រត្តិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ នៅភូមិប្រហូត ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។

អាវុធហត្ថខេត្តក្រចេះ បញ្ជាក់ឲ្យដឹងថា រថយនួន១គ្រឿងនេះ ម៉ាកវេអង ក្បាលពណ៌ក្រហម ទ្រុងពណ៌ខៀវឆ្នូតក្រហម គ្មានស្លាកលេខដឹកឈើអុស ប្រភេទឈើព្រៃធម្មជាតិ ទំហំមុខកាត់ពី១សង់ទីម៉ែត្រ ដល់ ៣សង់ទីម៉ែត្រ ប្រវែង ០.៥ម៉ែត្រ ដល់១ម៉ែត្រ។

លោក ឡុង យឹង មេបញ្ជាការរងអាវុធហត្ថខេត្តក្រចេះ បានបញ្ជាក់ថា រថយន្ដ១គ្រឿងនេះ ត្រូវបានកម្លាំងអាវុធឃាត់កាលពីយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។ ពេលនោះជនសង្ស័យជាម្ចាស់រថយន្ត បានទម្លាក់ឈើចោលនៅកន្លែងជញ្ជីងថ្លឹងដំឡូង លុះព្រឹកឡើងថ្ងៃទី១៣ ខែមករា ទើបកម្លាំងអាវុធហត្ថ ឃាត់រថយន្ដ១គ្រឿងនោះ និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពីបទរារាំងសមត្ថកិច្ចអនុវត្តន៍ច្បាប់។

ជនសង្ស័យទាំង៣នាក់រួមមាន៖
ទី១៖ ឈ្មោះ ហុក ឡង់ឌី អាយុ២៧ឆ្នាំ រស់នៅភូមិឈើទាលភ្លោះ ឃុំកញ្ជរ ស្រុកឆ្លូង (ម្ចាស់រថយន្ត)

ទី២៖ ឈ្មោះ ហុក បូទី អាយុ៣៣ឆ្នាំ មានទីលំនៅភូមិព្រែកចំឡាក់ ឃុំកញ្ជរ ស្រុកឆ្លូង (ម្ចាស់រថយន្ត)
ទី៣៖ ឈ្មោះ អ៊ាម អាន រស់នៅភូមិគ្រញ៉ូង ឃុំវាលម្លូរ ស្រុកពោញាក្រែក ខេត្តត្បូងឃ្មុំ មុខរបរកម្មករ (ដៃកុងឡានស៊ីឈ្នួល)។

បច្ចុប្បន្នជនស្ស័យទាំង៣នាក់ ត្រូវបានឃាត់ខ្លួននៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តក្រចេះ ដើម្បីចាត់ការតាមនីតិវិធី។ ចំណែករថយន្ត និងឈើខាងលើ ត្រូវបានប្រគល់ជូនជំនាញសង្កាត់រដ្ឋបាលព្រៃឈើឆ្លូងចាត់ការតាមនីតិវិធី៕