(សៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានលើកឡើងថា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» នេះ ជាមូលដ្ឋានមិនអាចខ្វះបាន ក្នុងការសម្រេចឱ្យបាននូវការកសាងសហគមន៍ជោគវាសនារួមគ្នា រវាងប្រជាជាតិយើងទាំងពីរ កម្ពុជា-ចិន។

សម្តេចពិជ័យបានលើកឡើងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាបើក «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» នារាត្រីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នេះ នៅបរិវេណព្រះលានជល់ដំរី ខេត្តសៀមរាប។

សម្តេចបានបញ្ជាក់ថា៖ «ខ្ញុំមានសុទិដ្ឋិនិយមថា ការកំណត់យកឆ្នាំ២០២៤ ជា “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន” នឹងក្លាយជាចលករយ៉ាងសំខាន់ក្នុងការបង្កើនតភ្ជាប់វិស័យទេសចរណ៍ វប្បធម៌ និងទំនាក់ទំនងរវាងប្រជាជននៃប្រជាជាតិទាំងពីរ និងជាមូលដ្ឋានមិនអាចខ្វះបាន ក្នុងការសម្រេចឱ្យបាននូវការកសាងសហគមន៍ជោគវាសនារួមគ្នា រវាងប្រជាជាតិយើងទាំងពីរ កម្ពុជា-ចិន»។

កម្ពុជា-ចិន បានភ្ជាប់ទំនាក់ទំនងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ដែលរហូតមកដល់ពេលនេះ ប្រទេសទាំងពីរ បានក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកំពុងកសាងសហគមន៍រួមវាសនាតែមួយ។

សម្តេចពិជ័យសេនា បានបញ្ជាក់ដែរថា តាមរយៈការកំណត់យកឆ្នាំ២០២៤ ជា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន» យើងនឹងអាចផ្សព្វផ្សាយកាន់តែច្បាស់ពីវប្បធម៌ ប្រពៃណី សក្តានុពលទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជនយើងទាំងពីរ ដែលមិនត្រឹមតែចូលរួមដល់ការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ការបង្កើនទំនាក់ទំនងលើវិស័យទេសចរណ៍ និងពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមករវាងកម្ពុជា-ចិនប៉ុណ្ណោះទេ ប៉ុន្តែព្រឹត្តិការណ៍នេះបង្ហាញពីការយកចិត្តទុកដាក់ជាអាទិភាពយ៉ាងសំខាន់ លើប្រភពទីផ្សារចិនសម្រាប់វិស័យទេសចរណ៍កម្ពុជាផងដែរ។

សម្តេចបានបញ្ជាក់បន្ថែមថា ការរៀបចំពិធីបើក «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» នេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា វិស័យទេសចរណ៍ និងវប្បធម៌មានទំនាក់ទំនងគ្នាយ៉ាងស្អិតរមួតប្រៀបបានសរសៃអំបោះដែលវេញចូលគ្នា បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងនូវភាពទាក់ទាញ និងភាពប្រកួតប្រជែង សម្រាប់តំបន់ទេសចរណ៍ ក៏ដូចជាសម្រាប់ប្រទេសជាតិ។ ការណ៍នេះ វិស័យវប្បធម៌បានដើរតួនាទីជាឧបករណ៍ដ៏មានប្រសិទ្ធភាព សម្រាប់អភិវឌ្ឍផលិតផលទេសចរណ៍។ ជាមួយគ្នានេះ វិស័យទេសចរណ៍បានបង្កើតនូវប្រភពចំណូល និងធនធាន ដែលអាចគាំទ្រ និងពង្រឹងការអភិរក្ស និងអភិវឌ្ឍវប្បធម៌ក្នុងយុគសម័យនៃភាពច្នៃប្រឌិត និងសាកលភាវូបនីយកម្ម។ ទេសចរណ៍ និងវប្បធម៌ មានភាពផ្សារភ្ជាប់គ្នាតាមរយៈសក្កានុពលនៃកំណើនវិស័យទាំងពីរផងដែរ ក្នុងនោះទេសចរណ៍វប្បធម៌ គឺជាទីផ្សារទេសចរណ៍ពិភពលោកដែលមានទំហំធំជាងគេ និងមានការកើនឡើងខ្លាំងជាងគេ ហើយវប្បធម៌ និងឧស្សាហកម្មសិល្បៈច្នៃប្រឌិត ត្រូវបានកំពុងប្រើប្រាស់កាន់តែខ្លាំងឡើងដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍នីមួយៗ។ ការប្រើប្រាស់ និងការច្នៃប្រឌិតវប្បធម៌ដើម្បីបង្កើនភាពទាក់ទាញនៃទីផ្សារទេសចរណ៍ បានជំរុញឱ្យមានភាពសម្បូរបែបនៃអត្តសញ្ញាណក្នុងតំបន់ និងលើកស្ទួយរូបភាពនៃគោលដៅទេសចរណ៍៕