(បាត់ដំបង)៖ កម្លាំងចម្រុះដឹកនាំដោយលោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ និងជាប្រធានគណ:បញ្ជាការឯកភាពស្រុក នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ បានដឹកនាំចុះបង្ក្រាបបទល្មើសនេសាទហួសដែនកំណត់ ដោយប្រើឧបករណ៍នេសាទជាលក្ខណៈទ្រង់ទ្រាយធំនៅក្នុងបឹងទន្លេសាប នៅតំបន់រ៉ាមសារព្រែកទាល់ អតីតឡូតិ៍នេសាទលខ២ (ដែនអភិរក្ស) ស្ថិតក្នុងភូមិស្ត្រឃុំកោះជីវាំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

លោកអភិបាលស្រុកឯកភ្នំបានឱ្យដឹងថា ការបង្ក្រាបបទល្មើសនេសាទ បឹងទន្លេសាប នៅតំបន់រ៉ាមសារព្រែកទាល់ អតីតឡូតិ៍នេសាទលេខ២ (ដែនអភិរក្ស) ត្រង់ចំណុចអូរពាក់កន្ទេល អន្លង់បី ព្រែកដា និងអន្លង់តាឆន ស្ថិតក្នុងភូមិសាស្រ្តឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានចុះរុះរើកាប់បំផ្លាញចោលឧបករណ៍នេសាទ និងកំណត់មុខសញ្ញាបទល្មើសដូចជា៖ របាំសាច់មងបរណរាវចំនួន៣០ឡុក ប្រវែង៩១៥០ម៉ែត្រ និងបានចាក់ប្រលែងត្រីចូលបឹងធម្មជាតិប្រមាណ២០៥គីឡូក្រាម។

ក្នុងការចុះបង្ក្រាបបទល្មើសនេសាទនេះឃាត់ខ្លួនជនល្មើសបាន៤នាក់៖
១. អេង ថា
២. សេង នី
៣. ញាន លីហ៊ាង
៤. ធឿប ម៉េង ដោយបានប្រគល់ឲ្យជំនាញជលផល ដើម្បីរៀបចំតាមនីតិវិធីច្បាប់។

ការចុះបង្រ្កាបបទល្មើសនេសាទនៅក្នុងបឹងទន្លេសាបនៅតំបន់រ៉ាមសារព្រែកទាល់ អតីតឡូតិ៍នេសាទលេខ២ (ដែនអភិរក្ស) នេះ លោក សាត គឹមសាន ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឧបត្ថម្ភប្រេងសាំង ២០០លីត្រ និងប្រេងម៉ាស៊ូត២០០លីត្រ។

លោក ម៉ិល សុផល បានបន្ថែមថា ការចុះបង្ក្រាបនេះគឺជាការយកចិត្តទុកដាក់ ការថែរក្សានូវធនធានធម្មជាតិនៅជុំវិញបឹងទន្លេសាប (ក្នុងដែនអភិរក្ស) ដោយសារកន្លងមកមានការនេសាទហួសដែនកំណត់ និងការប្រើប្រាស់លក្ខណៈទ្រង់ទ្រាយធំធ្វើឲ្យការបាត់បង់នូវពូជត្រីមួយចំនួន។

លោក ម៉ិល សុផល ក៏បានអំពាវនាវដល់ប្រជានេសាទទាំងអស់ជួយទប់ស្កាត់ និងការពារពូជត្រីនៅរដូវទឹកឡើង គឺជារដូវត្រីពង ដើម្បីរក្សាពូជត្រីឲ្យបាន គង់វង្សជានិរន្តន៍ផងដែរ៕