Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ម៉ក់ ឧសភា៖ បញ្ហាគំរូហត្ថលេខា លើវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO) ដោះស្រាយបញ្ចប់ជាស្ថាពរ

26-08-2016 16:07

(ភ្នំពេញ)៖ លោក ម៉ក់ ឧសភា អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ប្រាប់ Fresh News នៅរសៀលថ្ងៃទី២៦ ខែសីហានេះថា បញ្ហាមិនត្រូវគ្នានៃគំរូហត្ថលេខា លើវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO) ជាមួយក្រុមហ៊ុននាំចេញកសិផល និងបណ្តាលប្រទេសផ្សេងៗ បានដោះស្រាយចប់រួចរាល់អស់ហើយ នៅថ្ងៃនេះ។

លោកបានបញ្ជាក់ថា គំរូហត្ថលេខាថ្មីរបស់លោក បានផ្ញើទៅកាន់បណ្តាប្រទេសនានា ពិសេសប្រទេសថៃរួចរាល់ហើយ ចំណែកឯក្រុមហ៊ុននាំចេញកសិផល ដែលមានបញ្ហារឿងហត្ថលេខាលើបែបបទ CO នេះ ក៏ត្រូវបានដោះសា្រយ កែសម្រួលរួចរាល់ផងដែរ និយាយរួមគឺ បញ្ហាត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ។

គួររំលឹកថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ក្រុមហ៊ុននាំចេញកសិផលមួយចំនួនរបស់កម្ពុជា បានលើកឡើងថា ពួកគេមិនអាចនាំចេញបានទេ ដោយសារបញ្ហាគំរូហត្ថលេខារបស់ លោក ម៉ក់ ឧសភា លើ OC មិនត្រូវគ្នានឹងហត្ថលេខា ដែលផ្ញើទៅកាន់ក្រសួងពាណិជ្ជកម្ម ធ្វើឲ្យគយថៃ មិនទទួលស្គាល់ និងមិនអនុញ្ញាតិឲ្យកសិផល របស់ខ្មែរនាំចូលទៅប្រទេសថៃបាន។

នៅថ្ងៃដដែលនោះ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីបំភ្លឺមួយពាក់ព័ន្ធករណី គំរូហត្ថលេខានេះ ដោយក្រសួងបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មបានកំពុងដោះស្រាយ ជាមួយក្រសួងពាណិជ្ជកម្មថៃ តាមរយៈស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ ដោយក្នុងនោះ លោក ម៉ក់ ឧសភា បានធ្វើការកែសម្រួល និងផ្ញើគំរូហត្ថលេខាថ្មី ទៅកាន់ប្រទេសថៃ និងបណ្តាប្រទេសនានា រួចអស់ហើយតាំងពីដើមខែសីហា ដូច្នេះបញ្ហាគំរូហត្ថលេខាដែលលំអៀងនេះ នឹងត្រូវបានដោះស្រាយ៕