(ត្បូងឃ្មុំ)៖ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នេះ បានដឹកនាំសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ប្រមាណ២០០នាក់ ធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16 ដែលជាកន្លែងតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងយុទ្ធមិត្តក្នុងដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដែលមានទីតាំងស្ថិតក្នុងភូមិសាស្រ្តឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បន្ទាត់ព្រំដែន នៃព្រំប្រទល់កម្ពុជា-វៀតណាម។

ស្ថិតក្នុងដំណើរទស្សនកិច្ចនោះ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើបទបង្ហាញអំពីដំណើរនៃការតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន ជូនដល់លោកគ្រូ អ្នកគ្រូពេទ្យស្ម័គ្រចិត្ត ស.ស.យ.ក ឱ្យបានយល់ជ្រួតជ្រាប អំពីរឿងរ៉ាវតស៊ូ ការលះបង់ និងប្រវត្តិដ៏ជូរចត់ ផ្សារភ្ជាប់ជាមួយនឹងទីតាំងជាក់ស្តែងដែលសម្ដេចតេជោបានគិតទុក និងបានធ្វើដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិកាលពីអតីតកាល ដែលពេលនោះសម្តេចតេជោបានចាប់ផ្តើមដោយគ្នាប្រាំនាក់ រហូតសម្តេចតេជោ ទទួលបានការគាំទ្រពីសំណាក់ប្រជាជនរាប់លាននាក់នៅទូទាំងប្រទេសកម្ពុជា។

ជាមួយគ្នានេះ លោក នួន ផារ័ត្ន ក៏បានបញ្ជាក់ជូនលោកគ្រូ អ្នកគ្រូពេទ្យស្ម័គ្រចិត្ត ផងដែរថា ដំណើរទស្សនកិច្ចនេះ មានគោលបំណងសិក្សាស្វែងអំពីវីរភាពពិតរបស់ថ្នាក់ដឹកនាំកម្ពុជា ជាពិសេសគំរូវីរភាពដ៏ឧត្តុង្គឧត្តមបំផុតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានតស៊ូ លះបង់គ្រប់បែបយ៉ាង ដើម្បីសង្គ្រោះជាតិកម្ពុជាពីរបបខ្មែរក្រហម។

លោកបានគូសបញ្ជាក់បន្ថែមថា បើគ្មានការលះបង់ ការតស៊ូ និងការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ក្នុងការចាប់ផ្ដើម នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ នាពេលនោះទេ ក៏កម្ពុជាគ្មានភាពរីចម្រើនរុងរឿង ដូចពេលបច្ចុប្បន្ននេះដែរ។

នៅក្នុងឱកាសនោះ លោកគ្រូ អ្នកគ្រូពេទ្យស្មគ្រ័ចិត្ត ស.ស.យ.ក ដែលបានអញ្ជើញចូលរួម បានបង្ហាញអារម្មណ៍រំភើបរីករាយ ដែលមកដល់ទីតាំងជាក់ស្តែង នៃដំណើរឆ្ពោះទៅការសង្គ្រោះជាតិកម្ពុជា និងបានយល់ដឹងកាន់តែច្បាស់អំពីការលះបង់របស់សម្ដេចតេជោ ហ៊ុន សែន ចំពោះបុព្វហេតុជាតិ និងប្រជាជន ព្រមទាំងបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជៅ ចំពោះថ្នាក់ដឹកនាំយុវជនជំនាន់មុន និងថ្នាក់ដឹកនាំបច្ចុប្បន្ន ដែលបាននាំឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងមានការរីកចម្រើនដូចសព្វថ្ងៃនេះ៕