(ភ្នំពេញ)៖ លោក ហេង ស៊ីនិត្យ អ្នកជំនាញថតរូបជាង៣០ឆ្នាំ បានលើកឡើងថា ការបង្កើនពន្លឺ (ISO) ត្រូវប៉ាន់លេខតូចបំផុត វានឹងធ្វើឲ្យរូបថត silhouette ភាពច្បាស់លាស់។ លោកបានបង្ហាញឲ្យដឹងបែបនេះ នៅរសៀលថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤នេះ ដែលជាសប្តាហ៍ទី១១ហើយ សម្រាប់វគ្គបណ្តុះបណ្តាលជំនាញ «ថតរូបក្នុងវិស័យព័ត៌មាន» របស់មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC)។

នៅចំពោះមុខសិក្ខាកាមក្នុងថ្នាក់សិក្សាលោក ហេង ស៊ីនិត្យ បានបន្ដថា៖ «ការថតរូបបែបស្រទន់ ដើម្បីធ្វើឱ្យរូបភាពកាន់តែភ្ញាក់ផ្អើល និងមានភាពច្បាស់រួមមាន៖ ផ្ទៃខាងក្រោយមានពន្លឺ គឺជាគន្លឹះ, ជ្រើសរើសពេលវេលា, ស្វែងរកប្រធានបទត្រឹមត្រូវ, ដាក់ប្រធានបទ, ជ្រើសរើសទីតាំងល្អឥតខ្ចោះ, កែប្រែការកំណត់ និងការប៉ះពាល់, ប្រើរបៀបវាស់ពន្លឺ ផ្ដោតលើភាពត្រឹមត្រូវ, យកចិត្ដទុកដាក់ចំពោះ Aperture , ប្រើជើងកាមេរ៉ា ,សាកល្បងពន្លឺសិប្បនិម្មិត និងកែសម្រួល»។

លោក ហេង ស៊ីនិត្យ បានបន្ដថា ការថតរូប គឺជាសិល្បៈពីរវិមាត្រ ហើយអ្នកត្រូវដឹងពីគន្លឹះ និងល្បិចមួយចំនួនដើម្បីតំណាងឱ្យអ្វីដែលអ្នក ឃើញជាក់ស្តែងនៅក្នុងរូបថតរបស់អ្នក។ នោះហើយជាមូលហេតុ ដែលពន្លឺត្រឹមត្រូវមានសារៈសំខាន់ណាស់ក្នុងការថតរូប។

វគ្គសិក្សា «ជំនាញថតរូបក្នុងវិជ្ជាជីវៈព័ត៌មាន» គឺជាថ្នាក់សិក្សាមួយ ក្នុងថ្នាក់សិក្សាទាំង៣ របស់មជ្ឈមណ្ឌល FTC ដែលមានដូចជា៖ វគ្គសរសេរព័ត៌មានដំណឹង និងបទយកការណ៍ វគ្គព័ត៌មានសេដ្ឋកិច្ច និងជំនួញ និងវគ្គថតរូបក្នុងវិជ្ជាជីវៈព័ត៌មាន។

វគ្គសិក្សាជំនាញថតរូប ត្រូវបានបង្រៀនអំពីបច្ចេកទេសនៃការថតរូប ដោយប្រើប្រាស់ការមេរ៉ាទំនើប,បច្ចេកទេសថតរូបដោយប្រើទូរស័ព្ទ Smart Phone ឲ្យមានគុណភាពខ្ពស់បំផុត រួមទាំងការចាប់ប្លង់ និងឈ្វេងយល់អំពីអត្ថន័យនៃការថតរូប ដែលបង្ហាញអំពីព័ត៌មាននៃរូបភាពផងដែរ។ នៅក្រោយការបញ្ចប់វគ្គសិក្សាសិក្ខាកាម នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា។

មជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) ជាផ្នែកមួយរបស់បណ្ដាញព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើង នៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។

FTC មាន លោក ម៉ារ យ៉ារិទ្ធ ជាប្រធាន ដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជិត៤០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក៕