(ភ្នំពេញ)៖ លោក ប្លង់ សុផល អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នេះថា នៅពេលនេះតំណាងអយ្យការ កំពុងធ្វើការសួរនាំ លោក ខេង យ័ន អតីតអភិបាលក្រុងកែប ក្រោយអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនដល់តុលាការ។

លោក ប្លង់ សុផល បានថ្លែងយ៉ាងដូច្នេះថា «សំណុំរឿងខាងលើបានមកដល់អយ្យការអមសាលាដំបូង ហើយនៅពេលនេះ​ តំណាងអយ្យការកំពុងអនុវត្តនីតិវិធី ក្នុងការស៊ើបអង្កេត​ និងស្តាប់ចម្លើយ ខ្ញុំនឹងជូនដំណឹងបន្ថែមទៀត​ នៅពេលដែលតំណាងអយ្យការមានចំណាត់ការចុងក្រោយ​»

សូមជម្រាបថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជូន លោក ខេង យ័ន អតីតអភិបាលក្រុងកែប ទៅតុលាការនៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នេះ បន្ទាប់ពីសម្រេចឃាត់ខ្លួន។

ពាក់ព័ន្ធនឹងករណី លោក ខេង យ័ន នេះ ACU បានកសាងសំណុំរឿងស្នើសុំព្រះរាជអាជ្ញាពិនិត្យ និងចោទប្រកាន់អំពីការរំលោភអំណាច និងសម្អាតប្រាក់។ នេះបើតាមការបញ្ជាក់ពីមន្រ្តីពាក់ព័ន្ធ។

សូមបញ្ជាក់ថា លោក ខេង យ័ន ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ចេញអនុក្រឹត្យបញ្ចប់តំណែងអភិបាលក្រុងកែប ដោយសារតែប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួន ប្រព្រឹត្តអំពើប៉ះពាល់ ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ៕