(កំពង់ធំ)៖ លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំយុវជន និងអ្នកស្ម័គ្រចិត្តសាងសង់ផ្ទះ១ខ្នងទំហំ៤ម៉ែត្រ គុណ៦ម៉ែត្រ ជូនគ្រួសារក្រីក្រគ្មានទីលំនៅ និងបានផ្តល់ដីមួយឡូតិ៍ទំហំ៧ម៉ែត្រ គុណ២០ម៉ែត្រ ស្ថិតក្នុងភូមិសង្វាត ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។

លោក ជា វ៉ាន់ចាន់ បានថ្លែងថា ដោយមើលឃើញពីកាលំបាករបស់លោក ប៉ិល រ័ត្ន និងប្រពន្ធ ជ័យ សុីណាត ដែលមានជីវភាពខ្វះខាត និងគ្មានទីជម្រកនោះ លោកបានទិញដីឡូតិ៍មួយឡូតិ៍ទំហំ ៧ម៉ែត្រគុណ២០ម៉ែត្រ និងបានរកការងារជូនប្តីប្រពន្ធ ដែលមានកូនស្រីតូចមួយក្នុងបន្ទុក ដេីម្បីមានចំណូលប្រចាំថ្ងៃទ្រទ្រង់ជីវភាពផងដែរ។

លោកបន្តថានេះ ជាការចែករំលែកតាមលទ្ធភាពរបស់លោក ហេីយក៏ជាគម្រូមួយសម្រាប់យុវជនស្ម័គ្រចិត្តទាំងអស់ ក្នុងការចេះជួយទុក្ខធុរៈនៅតាមសហគមន៍។ លោកបានណែនាំដល់យុវជនជំនាន់ក្រោយទាំងអស់ត្រូវចេះជួយគ្នា ក្នុងគ្រាលំបាកនេះបញ្ជាក់ឲ្យឃើញថានេះ គឺជាវប្បធម៌ក្នុងការចែករំលែក សេចក្តីស្រលាញ់ពិតប្រាកដហើយនេះ ជាការងារមនុស្សធម៌ ដែលបានចែករំលែកបំពេញការងារជួយសង្គមជាតិ ដូច្នេះត្រូវខិតខំរៀនសូត្រឲ្យអស់ពីសម្ថភាព លទ្ធភាព និងបន្តការជួយការងារមនុស្សធម៌នេះតទៅទៀត។

ក្រុមគ្រួសារលោក ប៉ិល រ័ត្ន និងប្រពន្ធ ជ័យ សុីណាត មានចិត្តសប្បាយរីករាយយ៉ាងខ្លាំង ដោយទទួលបានផ្ទះថ្មី និងដីមួយកន្លែង និងសូមគោរពជូនពរលោក ជា វ៉ាន់ចាន់ និងក្រុមគ្រួសារ៕