(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានបញ្ជាក់ថា សន្លឹកឆ្នោតដែលជាលទ្ធផល នៃអង្គបោះឆ្នោត១០០%នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ បានស្តែងឲ្យឃើញការគោរពស្រឡាញ់សម្ដេចតេជោ ហ៊ុន សែន ព្រមទាំងការរួមរស់ក្រោមដំបូលសន្តិភាពជាមួយគណបក្សប្រជាជនកម្ពុជា។

លោកស្រីបានថ្លែងដូចនេះក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំង១៣ ក្នុងស្រុកស្ទោង រសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នៅទីស្នាក់ការគណបក្សស្រុក។

លោកស្រីសូមថ្លែងអំណរគុណសមាជិកសមាជិកាគណបក្សប្រជាជនទាំងអស់ ដែលបានបោះឆ្នោតគាំទ្រការជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤កន្លងមក។ លោកស្រីបានវាយតម្លៃខ្ពស់ដល់ក្រុមការងារសមាជិកសមាជិកា ស្រុកឃុំទាំងអស់ដែលជាកម្លាំងស្នូលដ៏រឹងមាំក្នុងមូលដ្ឋាន ដែលបានលះបង់គ្រប់បែបយ៉ាងដោយទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងលើសលប់នៅក្នុងអាណត្តិទី៥នេះ។

ជាក់ស្ដែងគោលការណ៍គណបក្សប្រជាជនកម្ពុជា បានកំណត់អាសនៈនៅក្នុងខេត្តកំពង់ធំចំនួន៤អាសនៈ លើ៦អាសនៈ ប៉ុន្តែលទ្ធផលជាក់ស្ដែងទទួលបាន៥ អាសនៈលើ៦អាសនៈនេះស្បែកចេញឲ្យឃើញថាយើងទាំងអស់គ្នា បានដាក់កាយដាក់ចិត្ត ធ្វើអំពើល្អព្រមទាំងការបង្ហាញឲ្យឃើញពីសមិទ្ធផលនានារបស់គណបក្សប្រជាជនកម្ពុជា ដើម្បីឆក់យកបេះដូងគាំទ្រពីបងប្អូនពុកម៉ែមាមីងច្រើនលើសលុប។

លោកស្រីបានបញ្ជាក់ថា ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ យើងមានការបោះឆ្នោតព្រឹទ្ធសភា (បោះឆ្នោតអសកល) ដោយមានក្រុមប្រឹក្សាឃុំសង្កាត់ជាអង្គបោះឆ្នោតជ្រើសតាំងដោយផ្ទាល់ ពីព្រោះការបោះឆ្នោតនេះមានសារៈសំខាន់ ណាស់ ក្នុងការជ្រើសតាំងសមាជិកព្រឹទ្ធសភាដែលលោកស្រីផ្ទាល់ឈរឈ្មោះ ព្រមទាំងប្រធានព្រឹទ្ធសភាដែលមានសម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឈរឈ្មោះជាប្រធានក្នុងអាណត្តិទី៥នេះ ដែលតម្រូវឲ្យសមាជិកសមាជិកា នៃអង្គបោះឆ្នោតទាំងអស់ត្រូវគោរពនូវគោលការណ៍សំខាន់ដូចជា ការបោះឆ្នោតនេះចាប់ផ្ដើមពីម៉ោង ៧:០០ព្រឹក និងបិទបញ្ចប់ត្រឹមម៉ោង ៣រសៀល។

នៅចុងបញ្ចប់លោកស្រីបន្ថែមថា «បើស្រឡាញ់ អាណិត ទុកចិត្ត សម្ដេចតេជោ ត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា»។ លោកស្រីសង្ឃឹមយ៉ាងមុតមាំនឹងជឿជាក់ថា អង្គបោះឆ្នោតព្រឹទ្ធសភាទាំងអស់ទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា នឹងមានការប្រុងប្រយ័ត្នខ្ពស់បំផុតដោយមិនឱ្យមានសន្លឹកឆ្នោតណាមួយ ឥតបានការនោះទេ។

សូមបញ្ជាក់ថា នៅចុងបញ្ចប់នៃកម្មវិធីលោកស្រីបានចែកជូនដល់សមាជិកសមាជិកាឃុំចំនួន៧៨នាក់ ដោយម្នាក់ៗទទួលបានក្រម៉ា១ និងថវិកាមួយចំនួនផងដែរ៕