(ភ្នំពេញ)៖ មជ្ឈមណ្ឌលសិក្សាទំនើប នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ បានរៀចំពិធីចែកបណ្ណសរសើរសិស្សឆ្នើមប្រចាំឆ្នាំសិក្សា២០២២-២០២៣ និងប្រគល់មេដាយសិស្សជ័យលាភីការប្រឡងគណិតវិទ្យាអន្តរជាតិ FMO 2023 វគ្គជម្រុះប្រទេសកម្ពុជា។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក ជា ជាតិ អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងលោក រស់ សាវីតធី នាយកប្រតិបត្តិមជ្ឈមណ្ឌលសិក្សាទំនើប ព្រមទាំងគណៈគ្រប់គ្រងសាលា មាតាបិតា និងអាណាព្យាបាលសិស្ស នៅមជ្ឈមណ្ឌលសហប្រតិប្តិការកម្ពុជា-កូរ៉េ។

នាឱកាសនោះលោក រស់ សាវីតធី បានថ្លែងថា ដើម្បីចូលរួមជាមួយរដ្ឋាភិបាល ក្នុងការពង្រីកវិស័យអប់រំនៅកម្ពុជា ស្របតាមគោលនយោបាយ អាទិភាពទាំង៥របស់រាជរដ្ឋាភិបាល ពោលគឺ មនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យាក្រុមហ៊ុន រៀលលាននែរគ្រុប ដែលមានមជ្ឈមណ្ឌលសិក្សាទំនើបជាបុត្តសម្ព័ន្ធ បានសហការជាមួយក្រសួងអប់រំ យុជន និងកីឡា ក្នុងការបង្កើតមជ្ឈមណ្ឌលសិក្សាទំនើបនៅក្នុងសាលាបឋមសិក្សាសាធារណៈចំនួន៧ទីតាំង ដែលមាន៦ទីតាំង នៅរាជធានីភ្នំពេញ និង១ទីតាំងទៀតនៅទីរួមខេត្តកំពង់ឆ្នាំង រួមមាន៖ បឋមសិក្សាព្រះនរោត្តម ឋមសិក្សាចតុមុខ បឋមសិក្សាកូលាប១ បឋមសិក្សាទួលគោក បឋមសិក្សាបឹងសាឡាង បឋមសិក្សាបាក់ទូក និងបឋមសិក្សាគំរូក្រុង ខេត្តកំពង់ឆ្នាំង។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសិក្សាទំនើប បានបញ្ជាក់ថា កម្មវិធីសិក្សាទំនើបបានចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ២០២០ មកដល់បច្ចុប្បន្ន។ ក្នុងឆ្នាំសិក្សាដំបូង២០២០-២០២១ មជ្ឈមណ្ឌលមានទីតាំងពីរកន្លែង មានបុគ្គលិក លោកគ្រូអ្នកគ្រូចំនួន ៣៧នាក់ និងសិស្សចំនួន ៤៤៣នាក់តែប៉ុណ្ណោះរហូតមកដល់ឆ្នាំសិក្សាបច្ចុប្បន្ន មជ្ឈមណ្ឌលមានទីតាំងសរុបចំនួនប្រាំពីរទីតាំង មានបុគ្គលិកលោកគ្រូអ្នកគ្រូចំនួន២០៩នាក់ និងមានសិស្សសរុបចំនួន ២,១៥៦នាក់។

លោកបានបញ្ជាក់ថា មជ្ឈមណ្ឌលសិក្សាទំនើបទទួលបានសិទ្ធិក្នុងការសហការជាមួយសាលាសាធារណៈពីកម្រិតមត្តេយ្យរហូតដល់មធ្យមសិក្សាទូទាំងប្រទេស ដោយផ្តល់កម្មវិធីសិក្សាពេញមួយថ្ងៃនៅសាលាបឋមសិក្សា សាធារណៈដែលជាដៃគូ ពោលគឺកម្មវិធីជាតិមួយវេនមាន៤ម៉ោង និងកម្មវិធីសិក្សាទំនើបមួយវេនមាន៣ម៉ោង និងសិក្សា ៥ថ្ងៃក្នុងមួយសប្តាហ៍ ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ។

កម្មវិធីសិក្សាទំនើបរួមមានមុខវិជ្ជាសំខាន់ៗចំនួន៩ ដូចជា៖

១-ភាសាអង់គ្លេស (៤ម៉ោងក្នុងមួយសប្តាហ៍)
២-ភាសាចិន (២ម៉ោងក្នុងមួយសប្តាហ៍)
៣-កុំព្យូទ័រ (២ម៉ោងក្នុងមួយសប្តាហ៍)
៤-គណិតវិទ្យាជាភាសាអង់គ្លេស (៣ម៉ោងក្នុងមួយសប្តាហ៍)
៥- វិទ្យាសាស្ត្រជាភាសាអង់គ្លេស (៣ម៉ោងក្នុងមួយសប្តាហ៍)
៦- រ៉ូបូស៊ីង រ៉ូបូទិក មុខវិជ្ជាបែបស្ទែម (២ម៉ោងក្នុងមួយសប្តាហ៍)
៧-វេយ្យាករណ៍អង់គ្លេស (១ម៉ោងក្នុងមួយសប្តាហ៍)
៨-គំនូ (១ម៉ោងក្នុងមួយសប្តាហ៍)
៩- អប់រំកាយ និងកីឡា (១ម៉ោងក្នុងមួយសប្តាហ៍)។

ដោយមុខវិជ្ជារ៉ូបូស៊ីង រ៉ូបូទិក ជាមុខវិជ្ជាថ្មី ក្នុងកម្មវិធីសិក្សាទំនើប។ កម្មវីធីសិក្សារ៉ូបូស៊ីង (RoboThink) គឺជាកម្មវិធីអប់រំបែបស្ទែម ដែលត្រូវបាននាំយកមកពីសហរដ្ឋអាមេរិក និងកំពុងពង្រីកកម្មវិធីសិក្សារបស់ខ្លួនទូទាំងពិភពលោក ហើយក៏មានបណ្តាប្រទេសនៅតំបន់អាស៊ីកំពុងដំណើរការកម្មវិធីនេះយ៉ាងពេញនិយមដូចជា៖ កូរ៉េខាងត្បូង ម៉ាឡេស៊ី ឥណ្តូនេស៊ី ចិន សិង្ហបុរី ថៃ និងកម្ពុជាជាដើម។

លើសពីនេះទៅទៀតមុខវិជ្ជារ៉ូបូស៊ីង រ៉ូបូទិកមានលក្ខណៈពិសេស៣ គឺទី១៖ ឧបករណ៍សិក្សាស្តង់ដារខ្ពស់នាំចូលពីប្រទេសកូរ៉េខាងត្បូង, ទី២៖ មានកម្មវិធីសិក្សាច្បាស់លាស់គ្រប់កម្រិត, ទី៣៖ គ្រូបង្រៀនទាំងអស់ទទួលបានការបណ្តុះបណ្តាលពីគ្រូជំនាញមកពីសហរដ្ឋអាមេរិក។

លោកបានបន្តថា ដើម្បីលើកទឹកចិត្តដល់សិស្សពូកែគណៈគ្រប់គ្រងមជ្ឈមណ្ឌលសិក្សាទំនើប សម្រេចបង្កើតពិធីប្រគល់បណ្ណសរសើរនេះឡើងជារាងរាល់ឆ្នាំ នេះថ្ងៃនេះជាឆ្នាំដំបូង ក៏ដូចជាថ្ងៃពិសេសសម្រាប់កូនៗទាំង១៨៦រូប មកពីគ្រប់សាខាទាំងអស់ដែលត្រូវទទួលបានបណ្ណសរសើរជ័យលាភីសិស្សពូកែចំណាត់ថ្នាក់លេខ១ ដល់លេខបីសម្រាប់ទាំងពីរកម្មវិធីគឺកម្មវិធីជាតិ និងកម្មវិធីទំនើប។

លោកបានន្ថែមថា ដើម្បីឆ្លើយតបទៅនឹងកម្មវិធីសិក្សាទំនើបដែលបានបញ្ចូលមុខវិជ្ជាគណិតភាសាអង់គ្លេសក្នុងកម្មវិធីសិក្សា នាចុងឆ្នាំ២០២៣ មជ្ឈមណ្ឌលទទួលបានសិទ្ធិផ្តាច់មុខក្នុងការរៀបចំការប្រឡង សិស្សពូកែគណិតវិទ្យា លំដាប់អន្តរជាតិមួយដែលមានឈ្មោះថា FMO (Fermat Mathematical Olympiad) ដែលការប្រឡងទទួលសិស្សពីថ្នាក់ទី១ ដល់កម្រិតវិទ្យាល័យ និងការប្រឡងចែកចេញជាពីរវគ្គ គឺវគ្គជម្រុះប្រទេសកម្ពុជា និងវគ្គផ្តាច់ព្រ័តកម្រិតអន្តរជាតិ។ សម្រាប់ឆ្នាំដំបូង នៃការរៀបចំការប្រឡងវគ្គជម្រុះនៅប្រទេសកម្ពុជា មជ្ឈមណ្ឌលទទួលបានបេក្ខជនចុះឈ្មោះសរុបចំនួន ១២១នាក់ ជាលទ្ធផលនៃការប្រឡង សិស្សចំនួន៦៦នាក់ ទទួលបានជ័យលាភី ដែលនៅក្នុងនោះមានមេដាយមាសចំនួន៦គ្រឿង មេដាយប្រាក់ចំនួន១៩គ្រឿង និងមេដាយសំរឹទ្ធចំនួន៤១គ្រឿង។

សម្រាប់វគ្គផ្តាច់ព្រ័តឆ្នាំនេះធ្វើនៅកោះ Phu Quoc ប្រទេសវៀតណាមពីថ្ងៃទី១៩ ដល់២២ ខែមករា ឆ្នាំ២០២៤ មជ្ឈមណ្ឌលទទួលបានបេក្ខជនចុះឈ្មោះចំនួន១៤នាក់ និងគណៈគ្រប់គ្រង ព្រមទាំងមាតាបិតាចំនួន១៤នាក់ទៀត សរុប២៨នាក់ដែលនឹងចូលរួម។

បើតាមលោក ជា ជាតិ បានកោតសរសើរបុគ្គលិក លោកគ្រូ អ្នកគ្រូទាំងអស់ ដែលខិតខំធ្វើការទៅតាមការងាររៀងៗខ្លួន ធ្វើឱ្យមជ្ឈមណ្ឌលសិក្សាទំនើប ពិតជាដៃគូរសហការរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលមិនអាចខ្វះបាន រួមគ្នាប្រែក្លាយគ្រឹះស្ថានអប់រំសាធារណៈទៅជាសាលារៀនទំនើប និងសាលាគំរូឱ្យដល់មូលដ្ឋាន តាមគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនិតិកាលទី៧នេះ។

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំរូបនេះ បានឱ្យដឹងថា មជ្ឈមណ្ឌលសិក្សាទំនើប បាននិងកំពុងចូលរួមអភិវឌ្ឍយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលតាមរយៈក្រសួងអប់រំ យុវជន និងកីឡា មជ្ឈមណ្ឌលបានធ្វើការកែលំអអគារសិក្សា និងបន្ទប់រៀនជាច្រើនក្នុងសាលាបឋមសិក្សាសាធារណៈដែលជាដៃគូ សរុបមានចំនួន៩០បន្ទប់។

មជ្ឈមណ្ឌលសិក្សាទំនើបទទួលបានសិទ្ធិក្នុងការសហការជាមួយសាលាសាធារណៈពីកម្រិតមត្តេយ្យរហូតដល់មធ្យមសិក្សាទូទាំងប្រទេស ដោយផ្តល់កម្មវិធីសិក្សាពេញមួយថ្ងៃនៅសាលាបឋមសិក្សាសាធារណៈដែលជាដៃគូ ពោលគឺកម្មវិធីជាតិមួយវេនមាន៤ម៉ោង និងកម្មវិធីសិក្សាទំនើបមួយវេនមាន ៣ម៉ោង និងសិក្សា៥ថ្ងៃក្នុងមួយសប្តាហ៍ ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ៕