(សៀមរាប)៖ សមាគម​ទេសចរណ៍កម្ពុជា (CATA) នៅរាត្រីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ បានរៀបចំពិធីពិសារអាហារទទួលស្វាគមន៍គណៈប្រតិភូប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលី ដែលមានជំនាញក្នុងការសរសេរ (Content) អំពីសក្តានុពលទេសចរណ៍ មកពីប្រទេសអូស្ត្រាលីចំនួន១៥រូប មកពីស្ថាប័នល្បីៗ ចំនួន៨ មកកាន់ខេត្តសៀមរាប រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ដើម្បីជំរុញវិស័យទេសចរណ៍នៅកម្ពុជា ឲ្យកាន់តែប្រសើឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល បានដាក់ចេញ «ឆ្នាំទស្សនាសៀមរាបឆ្នាំ២០២៤»។

ពិធីនេះដែរ មានការចូលរួមពីលោក តុប សុភ័ក្រ រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ តំណាងលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោក ចន សាវេក មកពី eGlobal Travel Media តំណាងប្រតិភូប្រព័ន្ធផ្សព្វផ្សាយ នៃប្រទេសអូស្ត្រាលី, លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប, លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា និងលោក ដោយ លោក ធីម សេរីវុទ្ធ អនុប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីមន្ទីរ និងអង្គភាពពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ផងដែរ។

លោកស្រី ឆាយ ស៊ីវលីន បាន​លើកឡើងថា មូលហេតុដែល(CATA) រៀបចំពិធីនេះឡើង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អូស្ត្រាលី ព្រោះប្រទេសអូស្រ្តាលីជាទីផ្សារទេសចរណ៍ល្អ មានការចំណាយ មិនសូវជាតថ្លៃច្រើន ចូលចិត្តទិញវត្ថុអនុស្សាវរីយ និងជួយសហគមន៍។ ការដើរកម្សាន្តរបស់ពួកគាត់ច្រើនតែងជួយសហគមន៍មូលដ្ឋាន និងមិនសូវឆ្ងាយពីកម្ពុជា យើងមានការដឹកជញ្ជូនតាមអាកាសច្រើនជម្រើសដែរ។ ដ្បិតមិនមានការហោះហើរត្រង់ តែយើងមានការហោះហើរពីប្រទេសជិតខាងដូចជា៖ ម៉ាឡេស៊ី សិង្ហបុរី កាតា ឌូប៉ៃ ច្រើន ជាទីផ្សារដែលល្អប្រសើរ។

លោកស្រី បន្តថា «ឃើញថាទីផ្សារភ្ញៀវអូស្រ្តាលីល្អ ប្រសិនជាយើងអាចរួមគ្នា យើងដឹងហើយថា រាជរដ្ឋាភិបាលក៏មានការផ្សព្វផ្សាយ ក៏ប៉ុន្តែក្នុងនាមវិស័យឯកជនយើងត្រូវតែធ្វើការផ្សព្វផ្សាយ​បន្ថែមទៀត​ ដើម្បីឲ្យបានគ្រប់ជ្រុងជ្រោយ»

លោកស្រី ឆាយ ស៊ីវលីន បានបន្តថា ក្រោយចប់កូវីដ យើងត្រៀមទទួលទេសចរ អ្វីៗបានត្រឡប់មកវិញ និងត្រៀមទទួលទេសចរមកគ្រប់ទីផ្សារ។ អ្នកដែលធ្វើទីផ្សារអូស្រ្តាលី ក៏យើងមានស្រាប់ដែរ សុទ្ធតែជាអ្នកជំនាញៗ ទើបយើងអញ្ជើញពួកគាត់មក ដើម្បីសរសេរ ព្រោះអ្នកដែលនេះមកជាជើងចាស់ និងជំនាញខាងសរសេរអត្ថបទអំពីគោលដៅទេសចរណ៍ផងដែរ។ សង្ឃឹមថា គាត់បានមើលឃើញពីសក្កានុពលទេសចរណ៍ គោលដៅកម្ពុជា ល្អ មានសុវត្ថិភាព និងមានការទាក់ទាញច្រើនពីសំណាក់ទេសចរ។ ការសរសេររបស់គាត់នឹងជំរុញការហោះហើរត្រង់មកកាន់កម្ពុជាផងដែរ។

លោកស្រីបញ្ជាក់ថា ពួកគាត់បានទៅទស្សនាតំបន់ប្រាសាទ អេកូទេសចរណ៍ បឹងទន្លេសាប ដោយមិនសូវមានពេលច្រើន ព្រោះពួកគាត់មានបេសកកម្មច្រើនដែរ។ ការងារនេះ ផ្តោតលើខេត្តសៀមរាបខ្លាំង ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល គឺឆ្នាំទស្សនាខេត្តសៀមរាប ឬVisit Siem Reap ២០២៤។ យើងបានចូលរួម និងអនុវត្តន៍ភ្លាមៗតែម្ដង ដើម្បីចូលរួមក្នុងយុទ្ធនាការរបស់រាជរដ្ឋាភិបាល។

ក្រៅពីការងារនេះ សមាគម​ទេសចរណ៍កម្ពុជា (CATA) ក៏ត្រៀមសម្រាប់ទីផ្សារឥណ្ឌា ដែលជាទីផ្សារធំ និងស្របពេលដែលមានការជំរុញពីទេសចរណ៍ពីរដ្ឋាភិបាល ដែលកំពុងជំរុញការហោះហើរត្រង់នៅដើមឆ្នាំនេះ។ កាលណាមានការហោះហើរត្រង់កើតឡើង យើងរំពឹងខ្ពស់ដែលអាចទាក់ទាញទេសចរមកសៀមរាបច្រើន និងបានដាក់ផែនការធ្វើម៉ែចឲ្យបានលឿន ដើម្បីទាក់ទាញទេសចរឥណ្ឌា (CATA)នឹងទៅទីក្រុងញូដេលី ដើម្បីទំនាក់ទំនងប្រតិបត្តិករទេសចរណ៍ នៅទីនោះផ្ទាល់ ដើម្បីផ្សព្វផ្សាយពីគោលដៅកម្ពុជា និងអញ្ជើញពួកគាត់មកភ្នំពេញ ដើម្បីជួបគ្នាជាមួយទីភ្នាក់ងារទេសចរណ៍ងាយស្រួលយកភ្ញៀវទៅវិញទៅមកផង​ដែរ៕