(ភ្នំពេញ)៖ យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងប្រកាសលេខ ២០៦ ប្រក.សក.ដជគ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីលក្ខខណ្ឌ និងនីតិវិធីឱ្យនីតិបុគ្គលធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោកក្នុងប្រទេស ក្រសួងសាធារណការ និងដឹកជញ្ជូន បានពិនិត្យឃើញថា មានក្រុមហ៊ុនដឹកអ្នកដំណើរចំនួន ៩ក្រុមហ៊ុន មិនទាន់បានស្នើសុំ ឬមកបន្តសុពលភាពលិខិតអនុញ្ញាតឱ្យនីតិបុគ្គលធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោកនៅឡើយ។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមក្រើនរំលឹកដល់ម្ចាស់ក្រុមហ៊ុនទាំង ៩ រួសរាន់ស្នើសុំ ឬមកបន្តសុពលភាពលិខិតអនុញ្ញាតឱ្យនីតិបុគ្គលធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោកក្នុងប្រទេស ឱ្យបានមុនកាលកំណត់។ ពុំដូចនោះក្រុមហ៊ុនអាចប្រឈមនឹងការបញ្ចប់វិញ្ញាបនបត្រចុះបញ្ជីធ្វើអាជីវកម្ម ដឹកអ្នកដំណើរតាមផ្លូវគោកនាពេលខាងមុខ។

ក្រសួងបានបញ្ជាក់ថា ក្រុមហ៊ុនទាំង ៩ មានដូចជា៖ ឫទ្ធិ មុនី អិចប្រេស & ឡូជីស្ទីក ឯ.ក, ខេអេស គីម សេង អ៊ិចប្រេស ឯ.ក, ដា សុវណ្ណ អិចប្រេស ឯ.ក, ភ្យុង ហ្គាង អ៊ុនដាស្ទិល ឌីវេឡុបម៉ិន ឯ.ក, រស្មី បាភ្នំ អ៊ិនវេសម៉ិន ឯ.ក, ចក្រវាឡ គមនាគមន៍ អិល ស៊ី ធី ឯ.ក, ស្មូដ អបភើលធ័រ (ខេមបូឌា) អ៉ិនដាសស្ទ្រី ឯ.ក, សុធេប អិចប្រេស ឯ.ក និង ឡឺមេជីស្ទីក គ្លូប៊ល ឯ.ក៕