(កំពង់ធំ)៖ លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ បានផ្ដល់អនុសាសន៍ ៤ ចំណុចដល់សភាពសហព័ន្ធយុវជនកម្ពុជាខេត្ត។

លោក ងួន រាសី បានថ្លែងផ្តល់អនុសាសន៍ ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់សហភាពសហព័ន្ធយុវជនខេត្តកំពង់ធំ ឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ នៅសាលាខេត្តកំពង់ធំ ថ្ងៃទី១៣ មករា ឆ្នាំ២០២៤។

អនុសាសន៍ទាំង ៤ ចំណុចមាន៖

១៖ យើងត្រូវខិតខំពង្រឹងចំណេះជំនាញឱ្យច្បាស់ពិតប្រកដ ខិតខំស្រាវជ្រាវ វិភាគ សភាពការណ៍ ឱ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេសគឺការប្រមូលធាតុចូលជា ប្រចាំនៅតាមមន្ទីរ-អង្គភាព និងក្រុង-ស្រុក-ខណ្ឌ ដើម្បីយើងអាចតាមដាន វិភាគនិងវាយតម្លៃបាន ក៏ដូចជាត្រៀមខ្លួនឆ្លើយតបទៅនឹងគ្រប់ស្ថានការណ៍។

២៖ ទំពាំងស្នងឫស្សី (ប្រើន័យធៀប)៖ ទំពាំង : ដាំដុះ ថែ ទាំ ចាក់ដី ស្រោចទឹក ទើបលូតលាស់ល្អ, ឫស្សី: ពេញវ័យចូលសង្គមដល់វ័យបញ្ចេញសមត្ថភាព ដើម្បីជួយជាតិមាតុភូមិហើយបើថែទាំពីតូច យើងអាចតម្រង់ទិសបាននៅពេលចាប់ផ្តើមរីកលូតលាស់វានឹងទៅតាមអ្វីដែលយើងបានតម្រង់។

៣៖ ផ្តល់សង្ឃឹមដល់ខ្លួនឯង (តម្រង់ទិសនៃការគិត) ផ្លូវកាយ ផ្លូវចិត្ត និងពង្រឹង សមត្ថភាពខួរក្បាល មានក្តីសង្ឃឹម គឺនឹងមានអ្វីនឹងកើតឡើង ត្រូវមានក្តីសុបិន្ត ហើយខិតខំធ្វើឱ្យក្តីសុបិន្តក្លាយជាការណ៍ពិត។ ជាមួយគ្នានេះ ក្នុងការធ្វើឱ្យសុបិន្តក្លាយជាការពិតបាន យើងត្រូវមានការរៀបចំ ផែនការច្បាស់លាក់ បន្ទាប់មកយើងត្រូវចាប់ផ្តើមអនុវត្ត បើសិនជាយើងមិន ចាប់ផ្ដើមធ្វើនោះទេក្ដីស្រម៉ៃនៅតែជាក្តីស្រម៉ៃ។ បន្ថែមពីនេះ យើងត្រូវមាន ជំនឿចិត្តថា ក្ដីស្រម៉ៃរបស់យើងនឹងកើតមានឡើងនៅថ្ងៃណាមួយ រួមផ្សំ ជាមួយនឹងការតស៊ូ ព្យាយាម ពង្រីកនូវចំណេះដឹង និងចំណេះធ្វើ ហើយដោះ ស្រាយគ្រប់បញ្ហាដែលជាឧបសគ្គ នោះថ្ងៃណាមួយក្តីស្រម៉ៃនោះនឹងក្លាយជា ការណ៍ពិត។

៤៖ យុវជន ឌីជីថល (Digital Government) ចូលរួមការងារសង្គមដើម្បីឱ្យមានភាពប្រសើឡើងទៅអនាគត ដែលយើងទាំងអស់អាចរស់នៅសង្គមដោយសុខដុមរមនា លើកទឹកចិត្តដល់យុវជនរបស់យើងទាំងអស់គ្នា ឱ្យចូលរួមបង្កើតអ្វីដែលថ្មី ទាក់ទងទៅនឹងបច្ចេកវិទ្យា មិនថានៅក្នុងការបង្កើតអាជីវកម្មសេវាប្រើប្រាស់ ផ្សេងៗដែលអាចមានប្រយោជន៍ចំពោះវិស័យឯកជន ឬសម្រាប់ជាប្រយោជន៍សាធារណៈទាំងមូល៕