(សៀមរាប)៖ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី និងជាប្រធានអនុគណៈកម្មការសាងសង់ស្តូបឈ្នះឈ្នះអន្លង់វែង បានណែនាំអនុគណៈកម្មការសាងសង់ស្តូបឈ្នះឈ្នះអន្លង់វែង ដែលនឹងត្រូវសាងសង់នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យនោះ ត្រូវរំលេចឱ្យឃើញគុណតម្លៃនយោបាយឈ្នះឈ្នះ និងវឌ្ឍនភាពសង្គមកម្ពុជាបច្ចុប្បន្ន ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែយល់ច្បាស់ខិតខំរបស់ស្ថាបនិកនយោបាយឈ្នះឈ្នះ និងជាស្មារតីរួមគ្នាថែរក្សាសន្តិភាព។

ការណែនាំនេះធ្វើឡើងក្នុងឱកាសដែលលោកទេសរដ្ឋមន្ត្រី គន់ គីម និងនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ប្រធានក្រុមការងារខ្លឹមសារស្តូបឈ្នះឈ្នះអន្លង់វែង ព្រមទាំងទាំងឧត្តមសេនីយ៍ មេបញ្ជាការយោធភូមិភាគទី៤ អភិបាលខេត្ត-រង មេបញ្ជាការកងពល-មេបញ្ជាការរង រួមជាមួយនឹងមេបញ្ជាការ ប្រតិបត្តិការសឹករងខេត្តចំនួន៤ រួមមាន ខេត្តសៀមរាប ឧត្តរមានជ័យ ព្រះវិហារ និងកំពង់ធំ និងសហការីក្រុមការសាងសង់ស្តូបឈ្នះឈ្នះអន្លង់វែង បានបើកកិច្ចប្រជុំឆ្លងខ្លឹមសារ និងស្វែងរកការឯកភាពរួមដើម្បីចារឆ្លាក់ចម្លាក់បំពាក់ស្តូបឈ្នះឈ្នះអន្លង់វែង នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។ សម្រាប់កិច្ចប្រជុំនេះបានធ្វើឡើងនៅខេត្តសៀមរាប។

លោកប្រធានអនុគណៈកម្មការ បានសង្កត់ធ្ងន់ថា នយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ពិតជាមានសារសំខាន់ និងតម្លៃអត្ថន័យយ៉ាងជ្រាលជ្រៅធំធេងណាស់សម្រាប់ប្រជាជាតិកម្ពុជាទាំងមូល ពិសេសពុំធ្លាប់ មានក្នុងប្រវត្តិសាស្រ្តកម្ពុជាអស់ជាច្រើនទសវត្សរ៍មកកន្លងមក ក្រោយការបែកបាក់ទៅមហានគរ មានតែនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោតែមួយគត់ ដែលនាំមកសន្តិភាពជូនប្រជាជននិងកម្ពុជាមានរយៈពេលវែងបំផុត បានធ្វើឱ្យមាតុភូមិកម្ពុជាទទួលបានការអភិវឌ្ឍលើគ្រប់វិស័យ ស្ថិរភាពនយោបាយសង្គម សន្តិសុខសង្គម សណ្តាប់ធ្នាប់ ត្រូវបានលើកកម្ពស់ពង្រឹង និងយកចិត្តទុកដាក់ខ្ពស់តាមរយៈយុទ្ធសាស្រ្តត្រីកោណ យុទ្ធសាស្រ្តចតុកោណ របស់សម្តេចជោ និងបន្តដាក់ចេញនិងអនុវត្តនូវយុទ្ធសាស្រ្តបញ្ចកោណ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាន់តែធ្វើឱ្យនយោបាយឈ្នះឈ្នះមានតម្លៃ និងសារសំខាន់បន្ថែមទៀតនាបច្ចុប្បន្ន និងអ្នកជំនាន់ក្រោយ និងបានធ្វើកិត្យានុភាពកម្ពុជាត្រូវបានផ្សាយទៅក្នុងតំបន់ និងឆាកអន្តរជាតិថែមទៀតផង។

លោកបានណែនាំថា «ហេតុនេះស្តូបឈ្នះឈ្នះអន្លង់វែង ត្រូវរំលេចឱ្យឃើញគុណតម្លៃនិងសារសំខាន់នយោបាយឈ្នះឈ្នះ ព្រោះថានយោបាយឈ្នះឈ្នះបាន ធ្វើឱ្យយើងមានអ្វីៗគ្រប់បែបយ៉ាង»

ទន្ទឹមជាមួយនេះ ស្តូបឈ្នះឈ្នះអន្លង់វែងដែលយើងកំពុងតែរៀបចំស្ថាបនាប្រតិស្ថានឡើងនេះ ដោយកត្តាសុខសន្តិភាព សុខសន្តិភាពកើតមានបានសម្រាប់កម្ពុជាពេលនេះ គឺផ្តើមចេញពីនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ផងដែរ នេះជាចំណុចដែលយើងទាំងអស់គ្នាត្រូវគិតគូរយកចិត្តទុកដាក់ ពិនិត្យពិច័យឱ្យបានហ្មត់ចត់ទៅរូបចម្លាក់ ក៏ដូចជាទាំងខ្លឹមសារព្រឹត្តិការណ៍ដែលកើតមានឡើងនៅលើភូមិសាស្រ្តនីមួយៗ ដែលពាក់ព័ន្ធទៅនឹងការអនុវត្ត នយោបាយឈ្នះ ឈ្នះ ដែលមានតឹកតាង ស្ថាននាម ប្រតិបត្តិករដែលបានរួមចំណែកក្នុងបុព្វហេតុនាំមកសន្តិភាពនៅកម្ពុជា។

តាមរយៈកិច្ចប្រជុំប្រកបដោយអត្ថន័យជាប្រវត្តិសាស្រ្តនេះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ក៏បានបញ្ជាក់បន្ថែមជូនក្រុមការងារថា ទាំងយោធានិងស៊ីវិលសូមមានកិច្ចសហការឯកភាពលើកស្ទួយ ចូលចលករឱ្យបានផុលផុស បន្ថែមទៀត គឺធ្វើយ៉ាងណាឱ្យអត្ថន័យ និងគុណតម្លៃនយោបាយឈ្នះឈ្នះ ឱ្យបានជ្រួតជ្រាបសុសសាយទៅឱ្យដល់គ្រប់ស្រទាបមហាជន និងត្រូវធ្វើឱ្យមានលក្ខណៈបន្តវេន ក្នុងន័យចូលរួមថែររក្សាអភិរក្សនិងអភិវឌ្ឍន៍នយោបាយ ឈ្នះឈ្នះទៅជាមេរៀន និងបទពិសោធ សម្រាប់សាធារណជនទូទៅយកទៅអនុវត្តលើគ្រប់វិស័យ ដើម្បីវឌ្ឍនភាពសង្គមប្រកបដោយចីរភាព សុខដុម និងការអភិវឌ្ឍយូរអង្វែង។

ស្តូបឈ្នះឈ្នះអន្លែងវែងមិនត្រឹមតែផ្តល់តម្លៃជាប្រវត្តិសាស្រ្តប៉ុណ្ណោះទេ គឺផ្តល់តម្លៃមុខងារជំរុញវិស័យសេដ្ឋកិច្ច វប្បធម៌ និងសាសនាឱ្យមានភាពរស់រវើកក្នុងសហគមន៍ប្រជាជន និងប្រជាជាតិខ្មែរលើភូមិសាស្រ្តយោធភូមិភាគទី៤ផងដែរ៕