(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦នេះ ក្រុមការងារកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា រួមជាមួយ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុករលាប្អៀរ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនចាស់ជរា និងប្រជាពលរដ្ឋទីទ័លក្រ​ជួបការលំបាកដោយគ្រោះរាំងស្ងួតចំនួន៦៤គ្រួសារ រស់នៅភូមិសូភី ភូមិដំណាក់កី និងភូមិត្រពាំងពពេល នៃឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្នុងដំណើរនៃការចុះសួរសុខទុក្ខនោះ លោកស្រីអគ្គលេខាធិការរងទី១ បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខ ជីវភាពរស់នៅ និងក្តីអាណិតអាសូរ ចំពោះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់ៗរូប នៅគ្រប់ពេលវេលាគ្រប់ទីកន្លែង ដោយពុំមានប្រកាន់នូវជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

ទន្ទឹមនឹងនោះដែរ លោកស្រី ម៉ែន នារីសោភ័គ បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ដែលមកទទួលអំណោយមនុស្សធម៌នៅពេលនោះ ត្រូវថែទាំសុខភាពឱ្យបានល្អ ដោយមានអនាម័យល្អជានិច្ចក្នុងការរស់នៅ គឺត្រូវពិសារទឹកដាំឆ្អិន និងកុំសេពគ្រឿងស្រវឹង ជាពិសេសស្ត្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ តាមការកំណត់របស់គ្រូពេទ្យ ដើម្បីទទួលយកថ្នាំថែរក្សាគភ៌ និងបង្ការជំងឺផ្សេងៗដែលអាចឆ្លងជំងឺពីម្តាយទៅកូន។

អំណោយមនុស្សធម៌ ដែលត្រូវចែកជូននៅពេលនោះ ក្នុងគ្រួសារនីមួយៗទទួលបាន៖ ថវិកា ៥០០០០រៀល អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ និងក្រមា១៕