(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នាព្រឹកថ្ងៃសោរ៍ ៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។

ក្នុងកំឡុងពេលនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងអញ្ជើញចូលរួមវេទិកាធុរកិច្ចបារាំង-កម្ពុជា ដែលសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធនិយោជកបារាំង (MEDEF) សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងនៅកម្ពុជា និង ទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសបារាំង ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី។

គោលបំណងសំខាន់នៃវេទិកានេះ គឺដើម្បីជំរុញវិនិយោគនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេស តភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច។

ទន្ទឹមនឹងនេះ សភាពាណិជ្ជកម្មកម្ពុជា នឹងចុះអនុស្សរណៈយោគយល់ជាមួយសម្ព័ន្ធនិយោគហ្វ្រង់កូហ្វូន (APF) ក្នុងគោលបំណងចូលរួមជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសនិយាយភាសាបារាំង ក៏ដូចជាជួយគាំទ្រដល់ធុរកិច្ចប្រទេស និយាយភាសាបារាំងតាមរយៈការរៀបចំ ជំនួបពាណិជ្ជកម្ម សន្និសីទ សិក្ខាសាលា និងព្រឹត្តិការណ៍ធុរកិច្ចនានា។

ក្រៅពីនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងបំពេញទស្សនកិច្ចក្រុមហ៊ុនបារាំង និងជួបប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីកសាងទំនាក់ទំនង និងពង្រីកសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕