(ភ្នំពេញ)៖ លោក Majid Rashed ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកអាស៊ី(APC) និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ បានផ្ញើសារថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានឯកភាពទទួលធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៦ ឆ្នាំ២០២៩ បន្ដពីការរៀបចំការប្រកួតកីឡាយុវជនអាស៊ីហ្គេម លើកទី៥ ឆ្នាំ២០២៩ ខាងមុខ ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា យោងតាមលិខិតឆ្លើយតបរបស់លោក Majid Rashed កាលពីថ្ងៃទី០៨ ខែមករាកន្លងទៅ បានគោរពផ្ញើជូនសម្ដេចធិបតីនាយករដ្ឋមន្ដ្រី ដោយថ្នាក់ដឹកនាំ APC ទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានឯកភាពទទួលធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៩ បន្ដពីការរៀបចំការប្រកួតកីឡាយុវជនអាស៊ីហ្គេម ឆ្នាំ២០២៩ ។

ក្នុងលិខិត ដែលបានបញ្ជាក់ជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត ផងដែរ ក្នុងនាមគណៈកម្មាធិការប្រតិបត្តិ និងថ្នាក់ដឹកនាំ APC លោក Majid Rashed បានសម្ដែងនូវសេចក្ដីរីករាយ និងប្ដេជ្ញារួមសហការយ៉ាងជិតស្និតជាមួយរាជរដ្ឋាភិបាលកម្ពុជា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិរៀបចំការប្រកួត និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរៀបចំព្រឹត្តិការណ៍នេះឲ្យទទួលបានជោគជ័យជាប្រវត្តិសាស្ដ្រ សម្រាប់ចលនាប៉ាឡាំពិក ។

ប្រភពពព័ត៌មានដដែល បានឲ្យដឹងទៀតថា ក្រោយទទួលបានការឯកភាពពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក Majid Rashed នឹងអញ្ជើញមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាអំឡុងខែមីនា ឆ្នាំ២០២៤ ខាងមុខ ដើម្បីធ្វើការចុះហត្ថលេខាផ្លូវការ ជាមួយភាគីកម្ពុជា លើកិច្ចព្រមព្រៀងទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៩ នៅរាជធានីភ្នំពេញ ។

សូមរំឮកថា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធាន NOCC និងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អមដំណើរដោយលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងមន្ដ្រីកីឡាជាន់ខ្ពស់កម្ពុជា បានធ្វើការចុះហត្ថលេខាទទួលសិទ្ធិធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិកយុវជនអាស៊ីហ្គេម លើកទី៥ ឆ្នាំ២០២៩ ដោយជោគជ័យ នៅទីក្រុង Dubai ប្រទេសអារ៉ាប់រួម ។

ដូច្នេះការឯកភាពទទួលធ្វើម្ចាស់ផ្ទះ និងឈានទៅរកការចុះហត្ថលេខាលើកិច្ចសន្យាជាផ្លូវការ ដើម្បីរៀបចំការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៩ នៅរាជធានីភ្នំពេញ នាពេលឆាប់ៗខាងមុខ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលកើតឡើងក្នុងអាណត្តិ៧ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្រោមម្លប់នៃសន្ដិភាព ដែលជំរុញឲ្យកម្ពុជាទទួលបានសេចក្ដីទុកចិត្តពីអន្ដរជាតិ ដើម្បីទទួលរៀបចំព្រឹត្តិការណ៍ធំៗ ជាក់ស្ដែងកីឡាយុវជនអាស៊ីហ្គេម និងកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ដែលនឹងមានអត្តពលិកប្រមាណ ៤៥ប្រទេសចូលរួម បន្ទាប់ពីកម្ពុជាសម្រេចបានជោគជ័យដ៏ត្រចះត្រចង់ ក្នុងនាមម្ចាស់ផ្ទះកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ដ្រ នាពេលកន្លងទៅ ៕