(ភ្នំពេញ)៖ លោក ឡេង ធនយុទ្ធា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងនៃអង្គភាពជំរុញដំណើរការអនុវត្ត និងគ្រប់គ្រងគម្រោង នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដំបូង នៃអង្គភាពជំរុញដំណើរការអនុវត្ត និងគ្រប់គ្រងគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ខេត្តសៀមរាប-ក្រុងប៉ោយប៉ែត ក្រោមក្របខ័ណ្ឌភាពជាដៃគូរវាងរដ្ឋ និងឯកជន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក មន្ត្រីជំនាញបច្ចេកទេស និងសមាជិកគ្រប់គ្រងគម្រោង។

ជំនួបពិភាក្សានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីណែនាំពីភារកិច្ច និងការទទួលខុសត្រូវរបស់សមាជិកនីមួយៗ នៃអង្គភាពជំរុញដំណើរការអនុវត្ត និងគ្រប់គ្រងគម្រោង រួមមាន៖

១៖ សម្របសម្រួល និងជំរុញការសិក្សាសមិទ្ធិលទ្ធភាពគម្រោងឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ

២៖ ពិនិត្យ វាយតម្លៃ និងផ្តល់យោបល់លើលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាព ដោយពិនិត្យលើទិដ្ឋភាពច្បាប់ បច្ចេកទេស បរិស្ថាន-សង្គម វប្បធម៌ប្រវត្តិសាស្ត្រ និងសេដ្ឋកិច្ច

៣៖ គ្រប់គ្រង និងចាត់ចែងការងាររដ្ឋបាល ធនធានមនុស្ស ធនធានហិរញ្ញវត្ថុ និងសម្ភារ ឧបករណ៍ផ្សេងៗ ដែលគាំទ្រដល់ការអនុវត្តគម្រោង

៤៖ ដឹកនាំត្រួតពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តកិច្ចសន្យារបស់ក្រុមហ៊ុនសាងសង់ និងទីប្រឹក្សាបច្ចេកទេសជាដើម សំដៅធានាឱ្យសម្រេចបាននូវលទ្ធផលរបស់គម្រោងទៅតាមពេលវេលាដែលបានកំណត់ និងប្រកបទៅដោយប្រសិទ្ធភាពខ្ពស់៕