(ភ្នំពេញ)៖ គណៈកម្មការកិច្ចការបរទេស កិច្ចសហប្រតិបត្តិការ និងព័ត៌មាននៃរដ្ឋសភាកម្ពុជា (គណៈកម្មការទី៥) សហការជាមួយវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានរៀបចំសិក្ខាសាលាស្តីពី «ទំនាក់ទំនងកម្ពុជា និងអឺរ៉ុបក្នុងការតភ្ជាប់តំបន់ និងសន្តិភាព»។ សិក្ខាសាលានេះបានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។

សិក្ខាសាលានេះមានការធ្វើបទឧទ្ទេសនាម ដោយលោក Jan Zahradil សមាជិកសភាអឺរ៉ុប និងជាអនុប្រធានទី១ នៃគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិ ការចូលរួមថ្លែងសុន្ទរកថាស្វាគមន៍ ពីលោក សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ និងជាសមាជិកគណៈប្រតិភូសភាអឺរ៉ុប-អាស៊ាន និងការសម្របសម្រួលដោយលោកបណ្ឌិត ឆេង គីមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី។

សិក្ខាសាលានេះមានគោលបំណង ចែករំលែកព័ត៌មានអំពីសមិទ្ធផល បញ្ហាប្រឈម និងកាលានុវត្តភាពនៃទំនាក់ទំនងរវាងកម្ពុជា និងសហភាពអឺរ៉ុបទាំងក្នុងក្របខណ្ឌរដ្ឋ និងសភា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប ឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត ឆ្លើយតបនឹងស្ថានភាពដ៏ស្មុគស្មាញនៃភូមិសាស្ត្រនយោបាយតំបន់និងសកល។

នាឱកាសនោះ លោក សួស យ៉ារ៉ា បានលើកឡើងថា សក្តានុពលនៃភាពជាដៃគូរវាងសហភាព អឺរ៉ុប-កម្ពុជា ប៉ុន្មានឆ្នាំចុងក្រោយនេះបានវិវត្តយ៉ាងខ្លាំង លើសពីទំនាក់ទំនងការទូតប្រពៃណី ដោយឈរលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នា និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់ ការតភ្ជាប់ និងសន្តិភាពក្នុងតំបន់ និងពិភពលោក ដែលកម្ពុជាអាចដើរតួនាទីកាន់តែសកម្មនិងស៊ីជម្រៅជារដ្ឋតភ្ជាប់ផ្នែកសេដ្ឋកិច្ច និងវប្បធម៌ ជាដើម។

លោក Jan Zahradil បានកោតសរសើរស្ថាប័នមានសមត្ថកិច្ច និងមុខងាររបស់គណៈកម្មការជំនាញនានារបស់សហភាពអឺរ៉ុប ដែលរួមមានគណៈកម្មការទទួលបន្ទុកលើវិស័យពាណិជ្ជកម្ម ជាមួយប្រទេសក្នុងតំបន់អាស៊ាន និងយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិករបស់សហភាពអឺរ៉ុប។

លោកក៏បានរៀបរាប់អំពីគោលនយោបាយនៃទំនាក់ទំនងការបរទេស អត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប និងបណ្តាប្រទេសក្នុងតំបន់ ដោយគោរពអនុសញ្ញាស្តីពីពលកម្មអន្តរជាតិ និងការមិនជ្រៀតជ្រែកនយោបាយផ្ទៃក្នុងរបស់ប្រទេសជាដៃគូ ព្រមទាំងបញ្ហាប្រឈមនានាដែលត្រូវគិតគូរផងដែរពីការធ្វើពាណិជ្ជកម្មក្នុងបរិបថឌីជីថល និងខ្សែច្រវ៉ាក់ ផ្គត់ផ្គង់។

លើសពីនេះ សិក្ខាសាលាក៏បានពិភាក្សាអំពីអត្ថប្រយោជន៍នៃយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិក បញ្ហាការប្រែ ប្រួលអាកាសធាតុ ការតភ្ជាប់ ការធ្វើពាណិជ្ជកម្មសេរី និងគោលនយោបាយការបរទេស ដោយផ្អែកលើស្មារតីសន្តិសហវិជ្ជមាន និងផ្តល់ផលប្រយោជន៍រួម។ អង្គសិក្ខាសាលាបានបិទបញ្ចប់ដោយផ្តល់អនុសាសន៍មួយចំនួន ជាពិសេសការតភ្ជាប់ផ្នែកពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការផ្នែកធនធានមនុស្ស ការបណ្តុះបណ្តាលជំនាញ បច្ចេកវិទ្យាឌីជីថល និងសហប្រតិបត្តិការស្ថាប័នស្រាវជ្រាវ។

ក្នុងឱកាសនោះដែរ គណៈកម្មការទី៥ នៃរដ្ឋសភា ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការល្អកន្លងមករបស់សហភាពអឺរ៉ុប និងប្រទេសក្នុងតំបន់អាស៊ាន។ គណៈកម្មការរដ្ឋសភាក៏បានស្នើសុំឱ្យមានវេទិកាចែករំលែកបែបនេះបន្តទៀត ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា និងសហភាពអឺរ៉ុបឱ្យកាន់តែប្រសើរ។

ជាការឆ្លើយតប លោក Jan Zahradil បានស្វាគមន៍ចំពោះ សំណូមពរ ដែលបានលើកឡើង ដោយសន្យាផ្ដល់កិច្ចសហការយ៉ាងពេញលេញជាមួយកម្ពុជា៕