(ភ្នំពេញ)៖ យោងតាមការបកស្រាយរបស់លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន ការសន្និដ្ឋានរបស់របាយការណ៍ដែលបានមើលត្រឹមតែមួយជ្រុងនៃស្ថានភាពពិតប្រាកដនៃការអភិវឌ្ឍរបស់វិស័យទាំងមូលនៅកម្ពុជា គឺជាសេចក្តីសន្និដ្ឋានខ្វះការថ្លឹងថ្លែងឲ្យបានគ្រប់ជ្រុងជ្រោយ ពោលជារបាយការណ៍មានភាពលម្អៀង មានចេតនាធ្វើឲ្យវិស័យនេះអាប់ឱន បង្ខូចកិច្ចខិតខំ សមិទ្ធផល និងបង្ខូចកេរ្តិ៍ឈ្មោះរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក ទេព អស្នារិទ្ធ បានពន្យល់ថា នៅកម្ពុជា អ្នកសារព័ត៌មានបាននិងកំពុងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបានយ៉ាងពេញលេញ យ៉ាងសកម្មពីគ្រប់ទិសទីនៅទូទាំងប្រទេស ក្នុងការចុះយកព័ត៌មាន ផលិត និងផ្សព្វផ្សាយព័ត៌មានគ្រប់ទម្រង់ ក៏ដូចជាធ្វើសេចក្ដីរាយការណ៍ព័ត៌មាននានាដោយសេរី គ្រប់ពេលវេលា ដោយសុវត្ថិភាព តាមវិជ្ជាជីវៈខ្លួនដោយតម្លាភាព ហើយទទួលបានការទុកចិត្ត និងការគាំទ្រពីសាធារណជនទូទៅគ្រប់មជ្ឈដ្ឋានទាំងអស់។

អ្នកនាំពាក្យរូបនេះ បានបន្ថែមទៀតថា ទិដ្ឋភាពទាំងអស់នេះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់អំពីភាពរីកចម្រើននៃវិស័យព័ត៌មាន និងការអភិវឌ្ឍកាន់តែប្រសើរឡើងនៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ប្រកបដោយលក្ខណៈចម្រុះនិងសំបូរបែប ក្រោមការដឹកនាំនិងគ្រប់គ្រងរបស់រាជរដា្ឋភិបាលកម្ពុជាពីមួយអាណត្តិទៅមួយអាណត្តិ ជាពិសេសគឺក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្តក្នុងការគាំពារសិទ្ធិ សេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន ដោយលើកកម្ពស់ស្ថាប័នសារព័ត៌មានជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាលសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងលទ្ធិប្រជាធិបតេយ្យឲ្យកាន់តែរីកចម្រើនឡើងទៀត។

លោក ទេព អស្នារិទ្ធ បានថ្លែងផងដែរថា៖ «ខ្ញុំសូមអរគុណដល់បងប្អូនអ្នកសារព័ត៌មានដែលកន្លងមកបានអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានបានល្អ និងបានប្រកបការងារដោយមិនបំពានលើសតួនាទីខ្លួនជាអ្នកសារព័ត៌មាន មិនបំពានលើសិទ្ធិ កិត្តិយស សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ មិនបម្រើឲ្យរបៀបវារៈនយោបាយ ដោយគោរពផលប្រយោជន៍ជាតិកម្ពុជា និងបានគោរពកាតព្វកិច្ចរបស់ខ្លួនក្នុងដែនដែលច្បាប់បានកំណត់។ រីឯអ្នកសារព័ត៌មាន ឬអង្គភាពសារព័ត៌មាន ដែលបានបំពានក្រមសីលធម៌ បំពានលិខិតបទដ្ឋានគតិយុត្តិ ត្រូវតែទទួលខុសត្រូវតាមផ្លូវច្បាប់ជាធរមាន ដោយអនុលោមតាមគោលការណ៍នីតិរដ្ឋ»